ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញលោក ប៊ុន ធី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក ប៊ុន ធី ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសបុរសជនជាតិវៀតណាមចំនួន ៤នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ៦ខែ និងតម្រូវឱ្យបណ្តេញចេញពីប្រទេសកម្ពុជា នៅពេលអនុវត្តទោសចប់ ក្រោមបទចោទប្រកាន់ពីបទ ឆ្លងដែនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត និងនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ដោយយោងតាមមាត្រា២៩ នៃច្បាប់ស្ដីពីអន្តោប្រវេសន៍ និងមាត្រា៩៨ នៃច្បាប់ស្ដីពីជលផល ប្រព្រឹត្តនៅចំណុចសមុទ្រ ស្រុកគីរីសារគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦។
ជនជាប់ចោទនៃសំណុំរឿងនេះរួមមាន ទី១ឈ្មោះ យឿង ថាន់ហាយ ភេទប្រុស អាយុ៤១ឆ្នាំ ។ ទី២ឈ្មោះ វិន យ៉ាំងនឿយ ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី៣ឈ្មោះ ចឹង យ៉ាំងឌូ ភេទប្រុស អាយុ៣១ឆ្នាំ និងទី៤ឈ្មោះ ង្វៀង យ៉ាំងមី ភេទប្រុស ។
នៅក្នុងសវនាការ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ជនជាប់ចោទទាំងអស់ បានឆ្លើយបដិសេធរាល់ចម្លើយមុនៗ ដែលថាពួកគេមកនេសាទនៅក្នុងដែនសមុទ្រកម្ពុជាខុសច្បាប់នោះ។ ពួកគេបានបញ្ជាក់ថា ពួកគេគ្រាន់តែមកលេងប្រទេសកម្ពុជាតាមទូកតែប៉ុណ្ណោះ ដោយទទួលស្គាល់ថាពួកគេចូលមកកម្ពុជាដោយខុសច្បាប់មែន។
គួររំឭកថា ជនជាប់ចោទជនជាតិវៀតណាមទាំង៤នាក់ខាងលើត្រូវបានកម្លាំងនគរបាល នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ខណៈពួកគេ បានលួចឆ្លងដែនចូលមកក្នុង ប្រទេសកម្ពុជា ដោយគ្មានលិខិតឆ្លងដែន និងបានលួចនេសាទត្រី-មឹក យកលក់សម្រាប់ធ្វើជី និងធ្វើចំណីសត្វ និងប្រើប្រាស់ទូក អូសគូរ មានភ្ជាប់ចរន្តអគ្គិសនី ក្នុងដែនទឹកស្រុកបុទុមសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា៕
https://youtu.be/PyLycAocLbA
មតិយោបល់