ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉េអឹមស្រុកចិត្របុរី នឹងត្រូវថ្មោងលោក សៅ សុខា ក្រោយពីជំរិតទារប្រាក់ប្រជាជន (មានវីដេអូ)

ភ្នំពេញៈ តាមសេចក្ដីរាយការណ៍មកថា មន្ត្រីអាវុធហត្ថស្រុកចិត្របុរី ខេត្តក្រចេះ ម្នាក់ បានជំរិតទារប្រាក់ពីប្រជាជនជាថ្នូរមិនចាប់រថយន្តដឹកឈើជន្លង់ម្រេច។ ប៉ុន្តែមន្ត្រីរូបនេះ ក៏ត្រៀមត្រូវថ្មោងលោក សៅ សុខា ផងដែរ ប្រសិនបើគណៈកម្មការអង្កេតរកឃើញថា មានកំហុស។

ក្នុងខ្សែវីដេអូរយៈពេលប៉ុន្មាននាទី ដែលបានបង្ហោះនៅពេញហ្វេសប៊ុក នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ បានបញ្ជាក់យ៉ាងច្បាស់ថា មន្ត្រីអាវុធហត្ថស្រុកចិត្របុរី ដែលមានពាក់ឯកសណ្ឋានកងរាជអាវុធហត្ថបានជំរិតទារលុយពីប្រជាជនថ្នូរមិនចាប់រថយន្តដឹកជន្លង់ម្រេច។ វីដេអូឃ្លីបនោះបានបង្ហាញថា មន្ត្រីអាវុធហត្ថរូបនោះ បានទារលុយពីតៃកុងបើករថយន្តដឹកជន្លង់ម្រេចក្នុងមួយរថយន្តតម្លៃ៤ម៉ឺនរៀល ប៉ុន្តែក្រោយពេលតថ្លៃ គេយក១រថយន្តតម្លៃ២ម៉ឺនរៀលវិញ។ “ប៉ុន្មានម៉ឺន??? ណែអត់ហ្អែ! មួយ៤ម៉ឺន។ លឿនៗអញប្រញ៉ាប់តាមចាប់៣ឡានទៀត! មួយ៤ម៉ឺនៗ ស្រូតៗ” នេះជាសម្ដីរបស់មន្ត្រីអាវុធហត្ថ។

ក្នុងវីដេអូដដែលក៏បញ្ជាក់ផងដែរ ពីសម្ដីរបស់អ្នកបើករថយន្តដឹកជន្លង់ម្រេច ដែលបានត្អូញថា មន្ត្រីរូបនោះទារលុយ ដូចគេបានដាក់ហ៊ុនរកស៊ីជាមួយអញ្ចឹង។ បុរសជាតៃកុងរអ៊ូថា “យកដូចលុយខ្លួនឯងអ្នករកស៊ីជាមួយ ម៉ាឡាន២ម៉ឺនដាច់ លោកអើយលោក! អីក៏យ៉ាងណឹង! ជាន់កហ្មង ជាន់កយកហ្មង”

https://youtu.be/QiUAfVXPjy0

ដោយឡែកវីដេអូមួយទៀត ក៏បានបង្ហាញមន្ត្រីអាវុធហត្ថខាងលើដដែល ទារលុយពីប្រជាពលរដ្ឋរកស៊ីដឹកជន្លង់ម្រេចតិចតួចលក្ខណៈគ្រួសារ ក្នុងមួយរថយន្តតម្លៃ២ម៉ឺនរៀលផងដែរ។ ប្រជាជន៖ អីគេពូ? ថីវិញ? មន្ត្រីអាវុធហត្ថ៖ ចុយយកលុយជន្លង់ហ្អា! ប្រជាជន៖ លុយជន្លង់ម៉េចវិញ? មន្ត្រីអាវុធហត្ថ៖ ចុយអានេះនិយាយមកខុសគេហ្មងហ្អា? ប្រជាជន៖ ខុសគេម៉េចពូ? ហៅក្មួយៗទៅ ចាំបាច់ហៅអា មន្ត្រីអាវុធហត្ថ៖ ឥឡូវបង់លុយសិន ប្រជាជន៖ អត់ទេ! ខ្ញុំសុំម៉ាជើង។ នេះជាការសន្ទនារវាងប្រជាពលរដ្ឋ និងមន្ត្រីអាវុធហត្ថ។

https://youtu.be/GuktUnjQtAY

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បានប្រាប់សារព័ត៌មាន Post News នៅរសៀលថ្ងៃទី២៧ ខែឧសភានេះថា លោកនឹងរាយការណ៍ប្រាប់ថ្នាក់លើ ដើម្បីសុំគោលការណ៍ចុះត្រួតពិនិត្យដោយប្រើគណៈកម្មការអង្កេត។

គួរបញ្ជាក់ថា មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំស្រុកចិត្របុរី ដែលទារលុយពីប្រជាជនខាងលើ ជិះរថយន្តម៉ាក តូយូតាហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2N-1885 បើកបរដោយឈ្មោះ មី ជឹមវ៉ាន់ ត្រូវបានគេនិយាយថា ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ស្ថាប័នកងរាជអាវុធហត្ថដែលពាក់ឯកសណ្ឋានកងរាជអាវុធហត្ថទារលុយឆៅៗពីប្រជាជន។ ទង្វើនេះដែរ បង្ហាញឲ្យឃើញថា ករណីនេះ ពាក់ព័ន្ធនឹងអំពើពុករលួយ ហើយគេគិតថា ទំនងជាកើតឡើងច្រើនលើកច្រើនសារមកហើយ៕

PM1PM2pm3PM4PM5PM6PM7PM8

មតិយោបល់