ភ្នំពេញៈ ឃើញថា សភាពការណ៍រយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំនេះមានសភាពល្អប្រសើរជាឆ្នាំកន្លងទៅ ពិសេសប្រសើរជាងក្នុងឆ្នាំ២០១៤ រួមនិងការបង្រ្កាបបទល្មើសក៏បានបង្រ្កាបនិងឃាត់ខ្លួនបានមួយចំនួនផងដែរ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់រយៈពេល២ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំនេះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅក្នុងរាជធានីភ្នំពេញទាំងមូលមានភាពល្អប្រសើរជាងបណ្តាឆ្នាំមុនៗ ដែលឆ្នាំនេះអាចចាត់ទុកជាគំរូល្អ ជាពិសេសចំពោះផែនការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តែម្តង ។
លោកបានបន្តថា ចំពោះ មហាជនវិញបានចូលរួមសម្រាប់ថ្ងៃទី១ មានប្រមាណចន្លោះពី៦០ទៅ៧០ម៉ឺននាក់ និងថ្ងៃទី២មានពី៩០ទៅ១លាននាក់ ដោយមានទឹកមុខប្រកបដោយភាពសប្បាយរីករាយ គឺមិនមានអ្វីដែលបានកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ។
ចំពោះសភាពការណ៍ដែលបានកើតឡើងរយៈពេល២ថ្ងៃពោលគឺចាប់ពីថ្ងៃទី១៣ និង១៤ វិច្ឆិកា ឆ្នាំ២០១៦ ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ លោក ម៉េត មាសភក្តីបានឲ្យដឹងផងដែរថា មានករណីលូកហោប៉ៅចំនួន១០លើក ឃាត់ខ្លួន៧នាក់ ឆបោកឃាត់ខ្លួនបាន១នាក់ ឃាត់ខ្លួនអប់រំអ្នកលក់ចំពាមកៅស៊ូ១នាក់ , ក្មេងវង្វេងម្តាយ២៧នាក់ ត្រូវបានប្រកាស និងប្រគល់ជូនអាណាព្យាបាលវិញ, ទូកលិច៤គ្រឿង ត្រូវបានសង្គ្រោះនិងគ្មានគ្រោះថ្នាក់អ្វីឡើយ ៕
មតិយោបល់