ភ្នំពេញៈ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ឡុង កេសភីរម្យ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោកស្រីឧកញ៉ា សៀង ចាន់ហេង នាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ពិន័យជាប្រាក់ចំនួន ៣លានរៀល ចូលជាថវិការដ្ឋ និងតម្រូវឱ្យសងជំងឺចិត្តទៅដើមបណ្ដឹងចំនួន ៤០០លានរៀល ក្រោមបទចោទប្រកាន់ពីបទ ក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង យោងតាមមាត្រា ៦២៦ មាត្រា៦២៧ និងមាត្រា ៦២៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលៀប្អៀរ ខេត្តកំពង់។
ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការនេះលោក ហុង ប៊ុនហួរ មេធាវីការពារសិទ្ធិឱ្យលោកស្រីឧកញ៉ា សៀង ចាន់ហេង បានថ្លែងយ៉ាងខ្លីថា លោកមិនអាចនិយាយអ្វីបានទេព្រោះវាប៉ះពាល់ដល់វិជ្ជាជីវៈ និងការសម្ងាត់របស់លោកជាមេធាវី ហើយលោកក៏បិទទូរស័ព្ទ។
ដោយឡែកលោកស្រីឧកញ៉ា សៀង ចាន់ហេង យើងក៏មិនអាចសុំការបញ្ជាក់ថា តើលោកស្រីនឹងប្តឹងឧទ្ធរណ៍ឬយ៉ាងណានោះទេ លើសំណុំរឿងនេះបានដែរ ដោយសារលេខទូរស័ព្ទរបស់លោកស្រីមិនអាចហៅចូលបាន។
ពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់តុលាការនេះផងដែរលោក ថាន ថាវរៈ មេធាវីការពារសិទ្ធិ និងជាតំណាងឱ្យលោកស្រី លឹម ឃី ជាដើមបណ្ដឹងរដ្ឋប្បវេណីបានថ្លែងថា លោកនឹងពិភាក្សាជាមួយកូនក្តីលោកថាតើគួរប្តឹងឧទ្ធរណ៍ឬទេ ខណៈលោកយល់ថា សេចក្តីសម្រេចរបស់តុលាការហាក់មិនស្របតាមការទាមទាររបស់កូនក្តីលោកនោះទេ ពោលគឺតុលាការមិនអនុវត្តទោសលើលោកស្រីឧកញ៉ា សៀង ចាន់ហេង ដោយចេញដីកាចាប់ខ្លួនភ្លាមៗនោះទេ ប៉ុន្តែរងចាំដល់សាលក្រមចូលជាស្ថាពរសិន ទើបចេញដីកាចាបើខ្លួនតាមក្រោយទៅវិញ។
លោកមេធាវី ថាន ថាវរៈ បានថ្លែងថា សំណុំរឿង ទំនាស់ ដីធ្លីទំហំ ១៤៦ហិចតានៅភូមិទឹកល្អក់ ឃុំទឺកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនេះ គឺដើមឡើយកូនក្តីលោក និងសមាជិកក្រុមហ៊ុន ៦ទៅ៧នាក់ជាជនជាតិចិន បានទិញដីនោះពីក្រុមហ៊ុន ហេងអភិវឌ្ឍន៍។ ក្រោយមកនៅឆ្នាំ២០១៣ ពេលកូនក្តីលោក និងជនជាតិចិនទៅមើលដីនោះស្រាប់តែមាន ម្ចាស់ឈ្មោះ គង់ សែ និងឈ្មោះ នី គឹមអាន បានធ្វើរបងព័ន្ធយកដីនោះ ដោយអះអាងថា បានទិញពីលោកស្រីឧកញ៉ា សៀង ចាន់ហេង ទើបកូនក្តីលោក និងសមាជិកក្រុមហ៊ុន បានសម្រេចដាក់ពាក្យប្តឹងទាមទារយុត្តិធម៌តែម្តងទៅ។
សូមបញ្ជាក់ថា លោកស្រីឧកញ៉ា សៀង ចាន់ហេង ពុំដែលមានវត្តមាននៅគ្រប់នីតិវិធីរបស់តុលាការឡើយពោលគឺមានតែមេធាវីតំណាងតែប៉ុណ្ណោះ៕
មតិយោបល់