ព័ត៌មានជាតិ

មេប៉ូលិសអន្តោប្រវេសន៍ ច្រកអន្តរជាតិប៉ោយប៉ែត លោក ស៊ឹម សំអាត សប្បាយកើបលុយពីពលករខ្មែរក្រីក្រ និងបើកដៃឲ្យបរទេសចូលមកលេងកាស៊ីណូ ដោយគ្មានលិខិតស្នាម

បន្ទាយមានជ័យៈ សេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែត ឲ្យដឹងថា លោក ស៊ឹម សំអាត មេប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់ពលករខ្មែរឆ្លងដែន ក៏ដូចជាប្រជាពលរដ្ឋរកស៊ី ចេញចូលផ្សាររ៉ុងក្លឿរ (ផ្សាមិត្តភាពកម្ពុជា-ថៃ) ភាគច្រើន អ្នករត់ម៉ូតូឌុបតែម្ដង ដែលថា បច្ចុប្បន្ននេះ លោកវរសេនីយ៍ឯក ស៊ឹម សំអាត កំពុងកាក់កបយ៉ាងខ្លាំង ដោយបានបើកដៃឲ្យជនបរទេសចូលមកលេងល្បែងក្នុងកាស៊ីណូ ដោយគ្មានលិខិតឆ្លងដែន ជាពិសេសកាស៊ីណូឡាក់គី។ មិនតែប៉ុណ្ណោះ អ្នករត់ម៉ូតូឌុប ក៏ដូចជាម៉ូតូកង់បីត្រូវបានបង្គាប់ឲ្យបង់ខែ រួមទាំងការបើកដៃឲ្យពលករចំណាកស្រុកឆ្លងដែនចេញទៅរកការងារធ្វើនៅប្រទេសថៃ ជាថ្នូរនឹងប្រាក់។

តាមការៀបរាប់ពីពលករឆ្លងដែនម្នាក់ បញ្ជាក់ឲ្យ Post News ដឹងថា ដើម្បីឆ្លងដែនទៅប្រទេសថៃ ពលករម្នាក់ៗ ត្រូវចំណាយទឹកលុយពី ១២០០បាត ទៅ១៥០០បាត (ប្រហែល១៥ម៉ឺនរៀល) តាមរយៈមេខ្យល់ឃុបឃិតជាមួយកូនចៅរបស់លោក ស៊ឹម សំអាត ដែលគេអះអាងថា មានការបើកដៃពីលោក ស៊ឹម សំអាត ឲ្យមន្ត្រីក្រោមឱវាទជាអ្នកប្រមូល និងលេបត្របាក់លុយពលករខ្មែរ ដ៏កំសត់ឆ្លងដែន។ ពលករដដែលបញ្ជាក់ថា ដើម្បីឆ្លងដែនទៅធ្វើការនៅប្រទេសថៃបាន គឺគេត្រូវការធ្វើប័ណ្ណឆ្លងដែនខុសច្បាប់ ដោយកូនចៅលោក ស៊ឹម សំអាត ទារពីពលករក្នុងម្នាក់ៗ តម្លៃពី ១២០០បាត ទៅ១៥០០បាត គ្រាន់តែយកតែរូបថត២សន្លឹក និងឈ្មោះតែប៉ុណ្ណោះ។ ករណីខាងលើនេះ ប្រសិនបើពលករជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវក្នុងប្រទេសថៃ គឺមិនអាចរកអត្តសញ្ញាណ ឬអាសយដ្ឋានរបស់ពលករខ្មែរ ទាំងនោះឃើញឡើយ។

លើសពីនេះ សេចក្ដីរាយការណ៍ឲ្យដឹងដែរថា ភ្ញៀវភាគច្រើនដែលជាមន្ត្រីរាជការថៃ និងអ្នកមានមុខមាត់ក្នុងប្រទេសថៃ បានចូលមកលេងល្បែងនៅកាស៊ីណូ ក្រុងប៉ោយប៉ែត តាមរបៀប VIP គឺគ្មានលិខិតឆ្លងដែនត្រឹមត្រូវទេ ដោយមានរថយន្តរបស់កាស៊ីណូទៅចាំទទួលភ្ញៀវនៅច្រកទ្វារ រួចដឹកចូលមកយ៉ាងរលូន ដោយមានថ្នូរតាមរយៈការបង់ប្រាក់ក្នុងភ្ញៀវម្នាក់ៗ ចាប់ពី៥០០បាត ទៅ១០០០បាត (ប្រហែលជាង១០ម៉ឺនរៀល)។ ជាមួយគ្នា អ្នកបម្រើការងារនៅកាស៊ីណូឡាក់គី បានស្រែកដាក់អ្នកកាសែតថា ថតធ្វើអ្វី គេបង់លុយឲ្យលោក ស៊ឹម សំអាត អស់ហើយ មានការអីទៅសួរប៉ូលិសច្រកទៅ នៅខណៈអ្នកយកព័ត៌មានចុះទៅផ្តិតយករូបភាព។

ដោយឡែក ក្រុមអ្នកម៉ូតូឌុប ក៏ដូចជាម៉ូតូកង់បី ក៏បានអះអាងថា លោក ស៊ឹម សំអាត បានដាក់បង្គាប់ឲ្យពួកគាត់បង់ខែ ក្នុងម៉ូតូមួយគ្រឿងតម្លៃ៣០០បាត រហូតមានចាប់ពី១០០០បាតឡើងទៅ ទើបអាចរត់បាន មិនចាំបាច់មានវេនឡើយ។ ចំណែកម៉ូតូកង់បីមួយគ្រឿង ត្រូវបង់៦០០បាត បើមិនដូច្នោះទេ ពួកគាត់មិនអាចចូលទៅដឹកភ្ញៀវនៅតំបន់កាស៊ីណូនោះបានឡើយ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ មហាជននៅក្រុងប៉ោយប៉ែត បានសំណូមពរដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តាមានវិធានការ និងចាត់ការលើទង្វើរបស់លោកវរសេនីយ៍ឯក ស៊ឹម សំអាត ផង ពីព្រោះទង្វើបែបនេះ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ និងធ្វើឲ្យអាប់ឱនកិត្តិយស និងច្បាប់ប្រទេស។

គេនៅចាំបានថា លោកវរសេនីយ៍ឯក ស៊ឹម សំអាត ក៏ពូកែសម្តែងល្ខោននៅចំពោះមុខមហាជនបានយ៉ាងល្អផងដែរ ដោយលោកបានលើកឡើង និងអំពាវនាវតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកថា លោកមិនបានប្រព្រឹត្តឆ្គងនឹងអនុក្រិត្យលេខ៦៨នោះទេ ហើយក្នុងស្មារតីនេះដែរ លោកថែមទាំងបានជំរុញឲ្យប្រជាពលរដ្ឋដែលជាពលករមកធ្វើលិខិតឆ្លងដែនដោយផ្ទាល់នៅការិយាល័យច្រកទ្វារអន្តរជាតិ អន្តោប្រវេសន៍ក្រុងប៉ោយប៉ែត នោះពលរដ្ឋនឹងត្រូវចំណាយតិចតួចប៉ុណ្ណោះ សម្រាប់លិខិតឆ្លងដែន១ច្បាប់។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ Post News មិនអាចសុំបំភ្លឺពីលោក ស៊ឹម សំអាត មេប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឡើយ ចំពោះការរិះគន់ខាងលើ៕

photo_2016-11-20_19-26-48

មតិយោបល់