ព័ត៌មានជាតិ

ពន្លឺយុត្តិធម៌!.. ឃាតកសម្លាប់ស្ត្រីយោធានៅម្ដុំផ្សារដេប៉ូ តុលាការសម្រេចដាក់គុកអស់មួយជីវិត

ភ្នំពេញ: ទីបំផុតពន្លឺយុត្តិធម៌បានកើតឡើងនៅក្នុងសវនាការប្រកាសសាលក្រមនៃសំណុំរឿងឃាតកម្មលើស្ត្រីយោធា កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅនៅម្តុំផ្សារដេប៉ូ ខណ្ឌ​ទួលគោក ក្រោយពីលោក កែវ មុនី ចៅក្រមស៊ើបសួរ និងលោក ងិន ពេជ្រ តំណាងអយ្យការបានសម្រេចកែប្រែបទចោទប្រកាន់លើជនជាប់ចោទ ពីបទឃាតកម្មគិតជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ មកជាបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌវិញ ពោលគឺប្តូរពីទោសធ្ងន់មកជាទោសស្រាល ប៉ុន្តែត្រូវចៅក្រមជំនុំជម្រះកែប្រែទៅជាបទឃាតកម្មគិតទុកជាមុនវិញ។

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះលោក ជា សុច័ន្ទដេត ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ម៉ី​ គឹមហេង​ ហៅ​ ដំ​ អាយុ​២១ឆ្នាំ​ ដាក់ពន្ធនាគារអស់មួយជីវិត និងតម្រូវឱ្យសងជំងឺចិត្តទៅគ្រួសារជនរងគ្រោះឈ្មោះ លី ដាវី ហៅច្រឹប អាយុ៣៦ឆ្នាំ មុខរបរ មន្ត្រីយោធា ចំនួន៨០លានរៀល ក្រោមបទចោទប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពី​ថ្ងៃទី​២១​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​កន្លែង​បើក​លុយ​(វីង)​ ស្ថិត​នៅ​ផ្ទះ​លេខ​១២​ ផ្លូវ​លេខ​២១៩​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌ​ទួលគោក យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ។

យោងតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ពន្លឺយុត្តិធម៌ចំពោះគ្រួសារពួកគាត់នៅពេលនេះ មិនមែនបានមកពីឆន្ទានុសិទ្ធិរបស់ចៅក្រមនោះទេ ប៉ុន្តែបានពីការអន្តរាគមន៍របស់ឯកឧត្តម អង្គ​ វង្ស​វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយ:លិខិតសុំអន្តរាគមន៍​របស់លោកស្រី​ លី​ ស៊ី​លេន​ ភេទស្រី​ អាយុ​៥៦ឆ្នាំ​ ជា​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ចុះថ្ងៃទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ ក្រោយពេលដែលលោក​ ងិន​ ពេជ្រ​ ដែល​ជា​​តំណាង​អយ្យការ​ក្នុង​សំណុំរឿង​នេះ​ បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នាពេល​សវនាការ​ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយ​ប្តឹង​សុំ​កែប្រែ​បទចោទ​ ពីបទឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២០០នៃ​​ក្រម​ព្រហ្មទណ្ឌ​ មកជា​បទឃាតកម្ម​តាម​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​វិញ​៕

មតិយោបល់