ព័ត៌មានអន្តរជាតិ

យន្តហោះ១គ្រឿង ធ្លាក់ចូលចំផ្ទះពលរដ្ឋ នៅអាមេរិក

អាមេរិកៈ តាមអាជ្ញាធរ បានឲ្យដឹងថា យន្តហោះធុនតូចមួយគ្រឿង បានធ្លាក់ចូលចំផ្ទះប្រជាពលរដ្ឋពីរខ្នង នៅទីក្រុង Riverside ក្នុងរដ្ឋកាលីហ្វញ៉ា ហើយមកទល់ពេលនេះ ពុំទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរងរបួស ក្នុងហេតុការណ៍នេះនៅទ្បើយទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។

យន្តហោះ Cessna 310 បានធ្លាក់នៅភាគឦសាននៃព្រលានយន្តហោះទីក្រុង Riverside នេះបើតាមការឲ្យដឹងពីលោក Ian Gregor អ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ដោយយន្តហោះនេះ បានហោះចេញពីទីក្រុង Riverside ទៅកាន់ទីក្រុង San Jose ។

លោក Charles Payne នាយកដ្ឋានប៉ូលិសទីក្រុង Riverside បានឲ្យដឹងថា យន្តហោះនេះ បានធ្លាក់នៅម៉ោងប្រហែល ៤ និង៤១ នាទី (ម៉ោងក្នុងស្រុក) ហើយអ្នកដំណើរនៅលើយន្តហោះ ត្រូវបានគេជម្លៀសចេញ ព្រមទាំងពលរដ្ឋដែលមានផ្ទះក្បែរតំបន់កើតហេតុ ត្រូវបានអាជ្ញាធរជម្លៀសចេញផងដែរ។

នៅខណៈនេះ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់យន្តហោះនេះ៕

មតិយោបល់