ព័ត៌មានជាតិ

លោក ប៉ា សុជាតិវង្ស៖ CNRP ចេះតែបង្កាត់ភ្លើង តែមិនមានសមត្ថភាព ក្នុងការពន្លត់ភ្លើងវិញទេ

ភ្នំពេញ: អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា CNRPចេះតែបង្កាត់ភ្លើង តែមិនមានសមត្ថភាព ក្នុងការ​ពន្លត់ភ្លើងវិញទេ មានន័យថា គណបក្សសង្រ្គោះជាតិកន្លងមកជាអ្នកបង្កបង្កើតឲ្យមានបាតុកម្មបង្កាត់ភ្លើងឲ្យឆាបឆេះ នាំទុក្ខដល់ប្រជាពលរដ្ឋ ហើយចុងក្រោយ បែរជាគ្មាន​សមត្ថភាព ក្នុងការពន្លត់ភ្លើងវិញ។

ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស បានលើកឡើង ក្រោយពីគណបក្សសង្រ្គោះជាតិ កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួន នឹងធ្វើមហាបាតកម្ម ទ្រង់ទ្រាយ​ធំនៅ​ពេលខាងមុខនេះ ដើម្បីទាមទារ ឲ្យមានដំណោះស្រាយនយោបាយ និងតវ៉ាដោយបដិសេធ មិនទទួលយកការសម្រេចរបស់តុលាការ។ លោក អភិបាលរាជធានីបាន​លើក​ឡើង​បែបនេះ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ខណ:ដែលលោកអញ្ជើញជាអធិបតី ក្នុងការបើកការដ្ឋានស្ថាបនា ជញ្ជាំងបេតុងប្រឡាយបឹងសាឡាង និងផ្លូវបេតុងអម​សងខាងមាត់ប្រឡាយ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ឲ្យដឹងថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គេបានធ្វើបាតុកម្ម ហើយមានប្រជាពលរដ្ឋណាខ្លះដែលទទួលបានផលប្រយោជន៍ ពីបាតុកម្ម​នោះ គឺអត់មានទេ គេអាចអុជភ្លើងបង្កាត់ភ្លើងឲ្យឆេះបាន ប៉ុន្តែគេគ្មានសមត្ថភាពពន្លត់អគ្គិសនីបានទេ រឿងនេះមិនមែនជារឿងបច្ចុប្បន្នភាពទេ ប្រវត្ថិសាស្រ្តរបស់​កម្ពុជា​យើង ធ្លាប់បានជួបប្រទះរួចហើយ មិនលំបាកទេដើម្បីញ៉ុះញង់ មនុស្សឲ្យចូលរួមបាតុកម្មប្រឆាំងបែបនេះ បែបនោះ ប៉ុន្តែពេលបាតុកម្មវាឆេះហើយ អគ្គិភ័យឆេះហើយ អ្នក​ណាជាអ្នកពន្លត់ មិនច្បាស់ថា អ្នកដែលបង្កាត់ភ្លើងឲ្យឆេះហើយពន្លត់បាននោះទេ សង្រ្គាមឆ្នាំ៧០ សិប វាច្បាស់ហើយ ហើយបាតុកម្មជាបន្តបន្ទាប់នៅក្នុងការ​បញ្ឆេះការ​តវ៉ាផ្សេងៗ ធ្វើឲ្យកម្ពុជាបែកបាក់ ធ្វើឲ្យកម្ពុជាទទួលរងទុក្ខសោកនាដកម្ម គ្រប់គ្រាន់ហើយ ប្រវត្ថិបង្ហាញថាមិនគប្បី ឲ្យត្រលប់ ទៅរកការឈឺចាប់ថ្មីទៀតបានឡើយ»។

លោកបានបន្តថាសម្រាប់គម្រោងរៀបចំមហាបាតុកម្មនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមាន មិនអនុញ្ញាតជាដាច់ខាត ហើយសម្តេច​បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធត្រៀម ខ្លួនទប់ទល់ និងកម្ចាត់មហាបាតុកម្មនោះផងដែរ៕

អភិបាលក្រុង

អភិបាលក្រុង

មតិយោបល់