ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ត្រីសុខាភិបាល យកម៉ោងរដ្ឋរកស៊ីផ្ទាល់ខ្លួន ក្រសួងនឹងបញ្ចប់ក្របខ័ណ្ឌភ្លាមៗ

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានធ្វើការព្រមានធ្ងន់ៗទៅលើមន្ត្រីរបស់ខ្លួន និងឈានទៅដល់ការបញ្ចប់ក្របខ័ណ្ឌរដ្ឋ ប្រសិនបើក្រសួងណែនាំមិនស្ដាប់ ឬមានបញ្ហាធ្ងន់ធ្ងរ។ ការសង្កត់ធ្ងន់ៗ ចំចំណុចរស៊ើបនេះ បន្ទាប់ពីក្រសួងបានសង្កេតឃើញមន្ត្រីមួយចំនួនបានយកម៉ោងការងាររដ្ឋ ទៅប្រកបរបររកស៊ីផ្ទាល់ខ្លួននាពេលកន្លងមក។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ ថ្លែងប្រាប់ Post News នៅរសៀលថ្ងៃទី២៣ ខែកក្កដានេះថា ក្រសួងសុខាភិបាលអាចបញ្ចប់ការងាររបស់មន្ត្រីរូបណា ដែលនៅតែបំពានដោយគគ្លើនចំពោះការណែនាំរបស់ក្រសួង ក្នុងករណីនៅតែបន្តយកម៉ោងការងាររដ្ឋទៅបម្រើការងារឯកជន។ លោកបញ្ជាក់ថា “ប្រសិនបើមានបញ្ហាធ្ងន់ធ្ងរ ក្រសួងអាចដកអាជ្ញាប័ណ្ណ ឬបញ្ចប់ការងាររបស់គាត់ពីរដ្ឋ ប៉ុន្តែជំហ៊ានដំបូងយើងណែនាំសិន ដោយយើងចាប់ផ្ដើមអនុវត្តរឹតបន្តឹងពីពេលនេះទៅ”

ជាមួយគ្នានោះ អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងចំៗ ទៅលើមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត(មន្ទីរពេទ្យរុស្ស៊ី) និងមន្ទីរពេទ្យកាល់ម៉ែតផងដែរ ដោយលោកមិនបរិយាយឈ្មោះមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកទូទាំងរាជធានីខេត្តផ្សេងទៀត ដែលពាក់ព័ន្ធរឿងមន្ត្រីរាជការតែងតែយកម៉ោងការងាររបស់រដ្ឋទៅរកស៊ីផ្ទាល់ខ្លួន។

បើតាមលិខិតរបស់ក្រសួងសុខាភិបាល ផ្ញើជូនប្រធានមន្ទីរពេទ្យកាល់ម៉ែត្រ ប្រធានមន្ទីរពេទ្យ និងមជ្ឍមណ្ឌលជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានីខេត្ត ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដែល Post News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ បានណែនាំដល់ប្រធានអង្គភាពទាំងអស់ ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ជាពិសេសការិយាល័យស្រុកប្រតិបត្តិ និងច្រកចេញចូលតែមួយ និងម្ចាស់សេវា ដែលមានករណីដូចខាងលើ កើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការណែនាំនេះ បន្ទាប់ពីកន្លងមកក្រសួងសង្កេតឃើញមានករណីមន្ត្រីរាជការមួយចំនួនកំពុងប្រើប្រាស់ម៉ោងការងាររដ្ឋ មកបម្រើការងារឯកជនដូចជា បើកបន្ទប់ពិនិត្យពិគ្រោះជំងឺ២៤ម៉ោង លើ២៤ម៉ោងជាដើម។

នាពេលកន្លងមក គេតែងសង្កេតឃើញមន្ត្រីសុខាភិបាលស្ទើរទូទាំងប្រទេស បានយកម៉ោងការងារដ្ឋ ទៅបើករបររកស៊ីផ្ទាល់ខ្លួន ដូចជាបើកបន្ទប់ពិគ្រោះជំងឺជាដើម។ យ៉ាងណាមិញ ការព្រមានចាត់វិធានការរបស់ក្រសួងទាំងអម្បាលម៉ាន គឺហាក់គ្មានប្រសិទ្ធភាពឡើយ ខណ:ដែលមានការលើកឡើងពីប្រាក់បៀវត្សរបស់មន្ត្រីរាជការ មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារពួកគេគ្រប់គ្រាន់។

ករណីមន្ត្រីរបស់រដ្ឋយកម៉ោងការងាររបស់ខ្លួនទៅធ្វើការឯកជន ឬប្រករបររកស៊ីផ្ទាល់ខ្លួននេះ មិនមែនកើតឡើងតែលើក្រសួងសុខាភិបាលមួយឡើយ គ្រាដែលគេមើលឃើញថា នៅមានក្រសួងរបស់រដ្ឋជាច្រើនទៀត ក៏មានមន្ត្រីរាជការឆ្លៀតយកម៉ោងរដ្ឋរកស៊ីផ្ទាល់ខ្លួន ឬទៅធ្វើការងារឯកជន ដើម្បីបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ៕

មតិយោបល់