ព័ត៌មានបច្ចេកវិទ្យា

ស្ដាប់ Steve Jobs ពន្យល់ពីអត្ថន័យនៃតួអក្សរ «i» ដែលប្រើនៅពីមុខ iPhone

ភ្នំពេញ: បច្ចុប្បន្ន iPhone ត្រូវបានគេចាត់ទុកថា​ជាកំពូលស្មាតហ្វូនមួយដែលមានប្រជាប្រិយភាពជាងគេនៅក្នុងពិភពលោក។ ប៉ុន្តែលោកអ្នកមានធ្លាប់នឹកគិតឆ្ងល់ទេថា ហេតុអ្វីបានជា លោក Steve Jobs ប្រើប្រាស់តួអក្សរ «i» នៅពីមុខឈ្មោះផលិតផលរបស់ខ្លួន ដូចជា iPhone, iPod និង iMac ជាដើម? ដើម្បីបំបាត់ចម្ងល់ យើងនាំគ្នា​អាន​បន្ត៖

នៅ​ឆ្នាំ១៩៩៨ លោក Steve Jobs ក្នុងនាម​ជា​សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បានប្រកាស​បង្ហាញ iMac ដែលជា​ម៉ាស៊ីន Mac ដំបូង​បំផុត​ប្រើ​តួអក្សរ «i» នៅ​ពីមុខ។ គ្រប់គ្នា​ដែល​បាន​ចូលរួម​នៅក្នុង​កម្មវិធី មាន​ចម្ងល់​យ៉ាងខ្លាំង ទៅលើការប្រើប្រាស់អក្សរនៅខាងមុខ iMac។

ក្រោយពីឈរញញឹមទៅកាន់​ភ្ញៀវទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីសម្ពោធន៍​ iMac អស់មួយសន្ទុះ លោក Jobs បាន​លាតត្រដាងភ្លាមៗថា តួអក្សរ «i» នោះ​គឺ​មកពី​ពាក្យ «internet» ហើយ​ការដែល​លោក​ប្រើ​នៅ​ពីមុខ​ម៉ាស៊ីន Mac នេះ​គឺ​លោក​ចង់​បង្ហាញថា ម៉ាស៊ីន Mac នេះ​មិនមែន​តែ​សម្រាប់​ការងាយស្រួល​ធម្មតា​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ​គឺ​វា​ជា​ម៉ាស៊ីន Mac ដែលមាន​មុខងារ​ត​ភ្ជាប់​ទៅកាន់​ពិភពលោក​តាមរយៈ​អ៉ីន​ធើ​ណែ​ត ហើយតួអក្សរ «i» នេះ ក៏បានប្រើទៅលើ​ផលិត​ផល និង​សេវាកម្មរបស់ Apple ទាំងអស់ដូចជា iPhone, iPod, iTunes, iDevices, iPay, iCar, iWatch ជាដើម។

បិតា​ស្ថាបនា​ក្រុមហ៊ុន Apple រូបនេះ ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា តួអក្សរ «i» មិនមែន​មានត្រឹមតែ​​ពាក្យ internet ប៉ុណ្ណោះ​ទេ វា​ក៏​មកពី​ពាក្យ «individual, instruct, inform និង inspire»៕

photo_2016-08-14_17-25-57

មតិយោបល់