Cristiano Ronaldo បានបង្ហាញឈ្មោះខ្សែការពារម្នាក់ដែលខ្លួនពិបាកនឹងអូសបាល់ឆ្លងកាត់បំផុតក្នុងអាជីពរបស់ខ្លួន ដោយម្នាក់នោះគឺ Ashley Cole អតីតកីឡាករ Arsenal និង Chelsea ។
អំឡុងពេលប៉ះគ្នាប៉ុន្មានដងពេល Ronaldo នៅលេងឱ្យក្លឹប Manchester United កីឡាករ Ashley Cole បានបិទខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ជាប់បានល្អមែនទែន រហូតដល់ធ្វើឱ្យរូបគេមិនអាចបំភ្លេចគ្រានោះបាននោះទេ។ មិនត្រឹមតែលេងឱ្យក្លឹបអាជីពឡើយ ដោយគ្រានោះសូម្បីតែលេងឱ្យជម្រើសជាតិក្នុងប្រកួតមិត្តភាពរបស់ Cole អាចបិទ Ronaldo បានល្អដែរ។
ម្ចាស់ពាន Ballon d’Or ៤សម័យកាលរូបនេះបាននិយាយដូច្នេះថា៖ “ច្រើនឆ្នាំមកហើយ ខ្ញុំមានរឿងជាច្រើនចង់ចាំជាមួយ Ashley Cole គាត់មិនឱ្យអ្នកបានដកដង្ហើមនោះទេ នៅពេលអ្នកបានបាល់។ គាត់ជាកីឡាករឆ្លាតណាស់ លឿន ដណ្ដើមបាល់បានល្អ។ អ្នកដឹងទេ ខ្ញុំមិនដែលមានការប្រកួតស្រួលម្ដងណាទេ ជាមួយគាត់”។
ខ្សែការពារឆ្វេងរបស់អង់គ្លេសខាងលើនេះ បច្ចុប្បន្នលេងឱ្យក្លឹប LA Galaxy ហើយក៏បានបញ្ចប់អាជីពក្នុងក្រុមជម្រើសជាតិអង់គ្លេសតាំងពីឆ្នាំ២០១៤មកហើយ។ បុរសវ័យ៣៦ឆ្នាំនេះ ធ្លាប់ឈ្នះពានរង្វាន់ច្រើនជាមួយក្លឹប Arsenal និង Chelsea ៕
មតិយោបល់