ព័ត៌មានកីឡា

កីឡាករ​សំខាន់​ម្នាក់​របស់ Barcelona ​របួស​រយៈ​ពេល​យូរ មិន​អាច​កំណត់​បាន

Sergio Busquets ​ខ្សែ​បម្រើ​សំខាន់​របស់ FC Barcelona ​​បាន​រង​របួស​អំឡុង​ពេល​ប្រកួត​ជាមួយ Eibar ​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​ដោយ​ក្រុម​គ្រូ​ពេទ្យ​មិន​ទាន់​អាច​កំណត់​ពេល​ព្យាបាល​ប៉ុន្មាន​នោះ​ទេ។

កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ​ចូល​លេង​បាន​ត្រឹម​តែ​៨​នាទី​ប៉ុណ្ណោះ​ក៏​ត្រូវ​ប្ដូរ​ចេញ​ក្រោយ​ពី​ប៉ះ​គ្នា​ជាមួយ Gonzalo Escalante ​បណ្ដាល​ឱ្យ​ដាច់​សរសៃ​ពួរ​ជើង​ធ្ងន់ធ្ងរ។ ចំពោះ​រយៈ​ពេល​ដែល​ត្រូវ​ព្យាបាល​វិញ​នៅ​មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ ​ដោយ​ត្រូវ​រង់ចាំ​មួយ​រយៈ​ទៀត​សិន។ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​នោះ គឺ​កីឡាករ​ឆ្នើម​រូប​នេះ​មិន​អាច​ចូល​លេង​បាន​ទេ ​ពេល​ប៉ះ​ជាមួយ Real Sociedad ​ក្នុង​ពាន​រង្វាន់ Copa del Rey ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ។

ដូច​គ្នា​នេះ​ដែរ ​លោក ​Luis Enrique ​អ្នក​ចាត់ការ​ក្រុម Barcelona ​រំពឹង​ថា​ Busquets ​នឹង​ចូល​លេង​បាន​វិញ​នៅ​ប្រកួត​ទល់​នឹង PSG ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ត្បិតអី​នោះ​ជា​ប្រកួត​សំខាន់​មែនទែន​សម្រាប់​ក្រុម។ មួយ​វិញ​ទៀត ​សម្រាប់​ការ​អវត្តមាន​របស់​ខ្សែ​បម្រើ​ខាង​លើ​នេះ​ដែរ ​អ្នកចាត់ការ​រូប​នេះ​បាន​​បង្ហើប​ឱ្យ​ដឹង​ថា​មាន​កីឡាករ​៣​នាក់​អាច​លេង​ជំនួស​តំណែង​នេះ​បាន​គឺ Sergi Roberto, Ivan Rakitic ​និង​ Javier Mascherano ៕

 

 

 

មតិយោបល់