ព័ត៌មានកីឡា

អីយ៉ា Arsene Wenger ​ហ៊ាន​គម្រាម​ Chelsea ​យ៉ាង​នេះ​ផង

លោក Arsene Wenger ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ថា​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ប្រកួត​ធំ​នៅ​ល្ងាច​ម៉ោង​៧:៣០​នាទី​នេះ​ជាមួយ​ក្រុម Chelsea ។

ក្រុម Arsenal ​បាន​បរាជ័យ​ក្រុម​ថ្វី​ជើង​របស់ Watford ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ក្នុង​លទ្ធផល ២-១ ​ដែល​លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​ការ​ប្រជែង​យក​ពាន​របស់​គេ​កាន់​តែ​ឆ្ងាយ​ទៅ​ហើយ។ យ៉ាងណាមិញ ​ការ​ប៉ះ​ជាមួយ​ក្រុម​កំពូល​តារាង Chelsea ​នៅ​ល្ងាច​នេះ ​ក្រុម​របស់​តា​បារាំង​មួយ​នេះ​នៅ​តែ​មាន​ក្ដី​រំពឹង​ហើយ​ថែម​ទាំង​ចង់​បំបាក់​ថែម​ទៀត​ផង។

Wenger ​បាន​ពោល​ដូច្នេះ​ថា​៖ “យើង​បាន​ផ្ដោត​អារម្មណ៍​ចំពោះ​ការ​លេង ​ប៉ុន្តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ចំពោះ​កូន​ក្រុម​របស់​ខ្ញុំ។ យើង​បាន​បង្ហាញ​ហើយ​ថា​យើង​បាន​ឈ្នះ Chelsea ​កាល​ពី​លើក​មុន ដូច្នេះ​លើក​នេះ​យើង​នឹង​ធ្វើ​វា​ឱ្យ​បាន​ម្ដង​ទៀត”។

Chelsea ​បច្ចុប្បន្ន​មាន​៥៦​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង ​ខណ:​ដែល​ក្រុម Arsenal ​វិញ​ឈរ​នៅ​លេខ​រៀង​ទី​៣ ​មាន​៤៧​ពិន្ទុ ​ស្មើ​ក្រុម​លេខ​២ Spurs ​ដែរ តែ​ចាញ់​គ្រាប់​ស៊ុត​ចំណេញ៕

មតិយោបល់