ក្លឹប Tottenham Hotspur កំពុងតែតាមទិញខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Barcelona ម្នាក់ឈ្មោះថា Munir ដែលកំពុងតែឡើងជើងខ្លាំង នៅពេលដែលអវត្តមានរបស់ Neymar កន្លងមកនេះ។
Munir ទើបតែមានវ័យ២០ឆ្នាំទេ ប៉ុន្តែរូបគេតែងតែបានចូលលេងជានិច្ចនៅពេលដែលក្រុម Barcelona អវត្តមានខ្សែប្រយុទ្ធទាំង៣ MSN (Messi , Suarez, Neymar) ។ ខណៈដែល Spurs កំពុងតែតាមទិញនេះ មានភាគរយច្រើន ព្រោះយុវជនរបស់ក្លឹបមួយរូបនេះ ក៏មានបំណងចង់ចាកចេញទៅលេងនៅក្លឹបក្រៅ ដើម្បីមានឱកាសបង្ហាញសមត្ថភាពច្រើនដែរ។
ទន្ទឹមនឹងសាមីខ្លួនចង់ចាកចេញនេះ Barca ក៏មិនព្រមលក់ងាយៗដែរ ដោយពួកគេបានដាក់តម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះរហូតដល់ទៅ១៣លានផោនឯណោះ ទើបអាចឱ្យចាកចេញពី Camp Nou បាន។
Munir ជាកីឡាករដុះចេញពីថ្នាលយុវជនរបស់ក្លឹប Barcelona ផ្ទាល់តែម្ដង ដោយអំឡុងពេលលេងនៅយុវជនខ្សែប្រយុទ្ធរូបនេះរកបាន៨គ្រាប់ក្នុង២៨ប្រកួត និងចូលឈុតធំតាំងពីឆ្នាំ២០១៤ បង្ហាញខ្លួនបាន៤៣ប្រកួត រកបាន១០គ្រាប់៕
មតិយោបល់