ក្រោយពីប្រកាសចាកចេញពី FC Barcelona នៅចប់រដូវកាលនេះ លោក Luis Enrique បង្ហើបពីគម្រោងទៅដឹកនាំក្រុមនៅលីគកំពូលអង់គ្លេសហើយ។
Enrique ប្រាប់ហេតុផលចាកចេញពី Barca ដោយសារតែចង់មានពេលទំនេរសម្រាប់ខ្លួនឯងខ្លះ។ តែយ៉ាងណាមិញ នៅពេលនេះ អ្នកចាត់ការជោគជ័យរូបនេះបែរជាមានចិត្តចង់ទៅដឹកនាំក្រុមនៅក្រៅស្រុកទៅវិញ ជាពិសេសក្រុមនៅលីគកំពូលអង់គ្លេសដែលពោរពេញដោយការប្រកួតប្រជែងតែម្ដង។ ចំពោះរឿងចង់ទៅដឹកនាំក្រុមនៅអង់គ្លេស គឺដោយសារតែប្រពន្ធរបស់អ្នកចាត់ការខាងលើនេះមិនចង់ឱ្យប្ដីនៅទំនេរនោះទេ។

“ប្រពន្ធរបស់ខ្ញុំមិនចង់ឱ្យខ្ញុំនៅផ្ទះទំនេរឡើយ។ ខ្ញុំមិនដឹងថាអ្វីនឹងកើតឡើងនៅថ្ងៃអនាគតទេ ប៉ុន្តែប្រពន្ធរបស់ខ្ញុំគាត់នឹងសប្បាយចិត្តបើខ្ញុំទៅអង់គ្លេស។ ប្រហែលជាគាត់អាចសម្របអាកាសធាតុនៅទីនោះបាន។ ប្រពន្ធខ្ញុំ មិនចង់ឃើញប្ដីទំនេរអត់ការងារធ្វើឡើយ…”។ សម្ដីរបស់អ្នកចាត់ការវ័យ៤៦ឆ្នាំខាងលើ។
ត្បិតតែបើកចិត្តយ៉ាងនេះមែន ប៉ុន្តែមិនទាន់មានដំណឹងថាក្លឹបនៅអង់គ្លេសមួយណាដែលចង់បានអ្នកចាត់ការខាងលើនៅឡើយទេ ដោយត្រូវស្ថិតក្នុងការពិចារណាសិន ព្រោះអីរដូវកាលដោះដូរកីឡាករនៅច្រើនខែទៀតដែរ៕
មតិយោបល់