ព័ត៌មានកីឡា

Neymar នឹងវ៉ាដាច់កំណត់ត្រារបស់ Pele នៅប្រេស៊ីល

បើតាមសមត្ថភាពរបស់ Neymar នៅពេលបច្ចុប្បន្ននេះ គឺរូបគេអាចនឹងវ៉ាដាច់កំណត់ត្រារកគ្រាប់បាល់របស់ Pele នៅក្នុងជម្រើសជាតិប្រេស៊ីលក្នុងពេលខ្លីខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ Cafu វីរបុរសរបស់ប្រេស៊ីលម្នាក់។

ខ្សែប្រយុទ្ធរបស់ក្រុម FC Barcelona រូបនេះ រកបាន៥០គ្រាប់ហើយក្នុងការបង្ហាញឱ្យក្រុមជម្រើសជាតិប្រេស៊ីល ខណៈដែលមានតែ Pele , Ronaldo និង Romario ប៉ុណ្ណោះ ដែលរកបានលើសពី៥០គ្រាប់នេះ។ Pele សរុបជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនោះ មានតែ៧៧គ្រាប់ប៉ុណ្ណោះ ខណៈដែលកំណត់ត្រានេះ ត្រូវបានលោក Cafu ជឿជាក់ថាមិនយូរទេ Neymar នឹងអាចបំបែកបានជាក់ជាមិនខាន ព្រោះរូបគេជាខ្សែប្រយុទ្ធមុតស្រួចម្នាក់ក្នុងក្រុម។

“គ្មានកំណត់ត្រាណាដែលមិនអាចបំបែកបាននោះទេ ពិតណាស់ Neymar នឹងធ្វើវាបាន។ គាត់នៅក្មេង ហើយមានពេលវេលាច្រើនសម្រាប់រកគ្រាប់បាល់។ ប្រសិនបើគាត់នៅតែរក្សាទម្រង់លេងដូចបច្ចុប្បន្ននេះ មិនយូរទេ គាត់នឹងក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រប្រេស៊ីល”៕

គិតត្រឹមវ័យ២៥ឆ្នាំនេះ Neymar បានបង្ហាញខ្លួនឱ្យជម្រើសជាតិប្រេស៊ីលបាន៧៥ប្រកួតប៉ុណ្ណោះ ប៉ុន្តែអាចរកគ្រាប់បាល់បាន៥០គ្រាប់ទៅហើយ។ ដោយឡែកនៅក្លឹប Barcelona វិញ រូបគេផ្លាស់ទៅនៅឆ្នាំ២០១៣ បង្ហាញខ្លួនបាន១១៥ប្រកួត រកគ្រាប់បាល់បាន៦៣គ្រាប់៕

មតិយោបល់