ខ្សែប្រយុទ្ធ Neymar ត្រូវបានក្លឹប Manchester United ដាក់តម្លៃខ្លួនទិញទៀតហើយ ដោយលើកនេះមានដំណឹងមកថាដល់ទៅ ១៧៣លានផោនឯណោះ ដើម្បីផ្ដាច់កុងត្រានៅក្លឹប FC Barcelona ។
នាពេលបច្ចុប្បន្ននេះ មានក្លឹបជាច្រើនកំពុងតែតាមប្រមាញ់យក Neymar ពីក្លឹប Barcelona ខណៈដែលក្នុងនោះក៏មានក្រុមបិសាចក្រហមមួយផងដែរ។ ក្លឹបនៅអង់គ្លេសមួយនេះ តាមដេញថ្លៃយកកីឡាករប្រេស៊ីលរូបនេះតាំងពីជំនាន់លោក Van Gaal នៅម្ល៉េះ ប៉ុន្តែមិនអាចធ្វើទៅបានក្រោមលក្ខខណ្ឌជាច្រើន។ យ៉ាងណាមិញ មកដល់ការដឹកនាំរបស់លោក Jose Mourinho វិញ ក្រុម Man Utd នៅតែរក្សាចិត្តចង់បានខ្សែប្រយុទ្ធរូបនេះដដែល ដោយដាក់តម្លៃខ្លួនលើកនេះរហូតដល់ទៅ១៧៣លានផោន ដើម្បីផ្ដាច់កុងត្រានៅសល់។

ការដាក់ដេញថ្លៃជាថ្មីនេះ ត្រូវបានគេរំពឹងថាមានសង្ឃឹមច្រើន ក្រោយពី Neymar ផ្ទាល់បាននិយាយលើកមុនថារូបគេចូលចិត្តការលេងរបស់បិសាចក្រហម ជាពិសេសកីឡាករទាំងអស់សុទ្ធតែចង់ធ្វើការជាមួយអ្នកចាត់ការល្អៗដូចជា Mourinho ។ យ៉ាងណាមិញ នោះគ្រាន់តែជាសម្ដីប្រយោលប៉ុណ្ណោះ វាមិនទាន់អាចបញ្ជាក់ច្បាស់ថា Neymar ពិតជាមកអង់គ្លេសមែននោះទេ។
លេងឱ្យក្រុមអ្នកមានបុណ្យ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលទទួលបាន ២៥០ ០០០ផោនក្នុងមួយសប្ដាហ៍ ស្របពេលការដាក់សំណើរបស់ Man Utd គឺកីឡាកររូបនេះនឹងទទួលបានដល់ទៅ ២៩០ ០០០ផោនឯណោះក្នុង១សប្ដាហ៍ប្រសិនបើរូបគេសម្រេចចិត្តផ្លាស់មែន៕
មតិយោបល់