ក្រុម Paris Saint Germain ពិតជាធ្វើឲ្យពិភពបាល់ទាត់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងរដូវកាលនេះ ដោយក្រុមសេដ្ឋីនៅលីកបារាំងមួយនេះ បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលជាច្រើន ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ជាក់ស្តែងណាស់ បន្ទាប់ពីទិញខ្សែប្រយុទ្ធឆ្នើម Neymar JR ពីក្រុម Barcelona ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ក្រុម Paris Saint Germain ចង់បានកីឡាករដែលមានតម្លៃខ្លួនថ្លៃមួយរូបទៀត គឺកីឡាករ Kylian Mbappe ពីក្រុម AS Monaco ។ យ៉ាងណាវិញ ក្រុម Paris Saint Germain មិនអាចទិញ Mbappe បានឡើយ ព្រោះថា កីឡាកររូបនេះ មានតម្លៃខ្លួនដល់ទៅ ១៨០លានអឺរ៉ូ ខណៈ PSG មានលុយទិញ តែដោយសារជាប់បម្រាមមិនអាចទិញបាន។ យ៉ាងណាវិញ បើតាម Goal បានឲ្យដឹងថា ថ្វីបើក្រុម Paris Saint Germain ជាប់បម្រាមមិនឲ្យទិញកីឡាករមែនពិត តែក្រុមមួយនេះបានត្រៀមធ្វើឲ្យពិភពលោកមានលារភ្ញាក់ផ្អើល ក្នុងការខ្ចីជើងខ្សែប្រយុទ្ធវ័យក្មេងបារាំង Kylian Mbappe ក្នុងតម្លៃ ១៥លានអឺរ៉ូ ក្នុង១ឆ្នាំ។
ជាការពិតណាស់ តាំងពីបង្កើតបាល់ទាត់មក គឺមិនដែលមានក្រុមណាខ្ចីជើង កីឡាករឆ្នើម ឬ Super Star ពីក្រុមម្ខាងទៀតឡើយ មានតែទិញក្នុងតម្លៃថ្លៃប៉ុណ្ណោះ។ ក៍ប៉ុន្តែឯ ក្រុម Paris Saint Germain បានប្រើប្រាស់វិធីសាស្ត្រខ្ចីជើង ខ្សែប្រយុទ្ធ Mbappe ពីក្រុម Monaco ។ ចំពោះការខ្ចីជើងនេះ ក្រុម PSG មានបំណងចង់បានកីឡាកររូបនេះ មកលេងឲ្យពួកគេ នៅរដូវកាលនេះ តែដោយសារជាប់បម្រាមមិនអាចទិញកីឡាករបាន ទើបធ្វើឲ្យក្លិបបារាំងមួយនេះខ្ចីជើងសិន តែមានលក្ខខ័ណ្ឌ ទិញយកនៅរដូវកាលក្រោយ ពោលនៅក្រោយពេលដែលក្រុម Paris Saint Germain រួចផុតពីការពិន័យរបស់សហព័ន្ធបាល់ទាត់បារាំង។
ម្យ៉ាងវិញទៀត បើក្រឡេកមើលផេកផ្ទាល់របស់ក្រុម Paris Saint Germain ទំនងជាក្នុងសប្តាហ៍នេះ អាចជាយប់នេះ ឬស្អែក ខ្សែប្រយុទ្ធ Kylian Mbappe នឹងក្លាយជាកីឡាករចំណូលថ្មី ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាក់ជាមិនខាន។ ដូច្នេះហើយ ក្រុម Paris Saint Germain នឹងធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល ខណៈទម្រង់លេងរបស់ក្រុមមួយនេះ កាន់តែល្អខ្លាំងមែនទែន។
មតិយោបល់