ព័ត៌មានកីឡា

Liverpool ចរចារបានសម្រេច ក្នុងការទិញយកខ្សែបម្រើ Naby Keita ពីក្រុម Leipzig

ក្រុមហង្សក្រហម Liverpool កំពុងតែរីករាយយ៉ាងខ្លាំង បន្ទាប់ពីអាចចរចារ នាំយកកីឡាករស្បែកខ្មៅ Naby Keita ពីក្រុម Leipzig នៅក្របខ័ណ្ឌកំពូលអាឡឺម៉ង់ តែមិនមែនក្នុងរដូវកាលនេះឡើយ។

នេះគឺជា ការទិញកីឡាករប្លែកៗ សម្រាប់រដូវកាលនេះ ដែលក្លិបមួយចំនួន បានចរចារទិញកីឡាករ ទុកមុនមួយរដូវកាលមុនការនាំយកមកកាន់ក្លិប។ ជាក់ស្តែងណាស់ ប្រភពពី BBC Sports បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានទទួលជោគជ័យ ហើយក្នុងការទិញយកកីឡាករ Naby Keita ក្នុងតម្លៃ ៤៨លានផោន ពីក្រុម Leipzig ។ យ៉ាងណាវិញ Liverpool មិនបាននាំយក Keita មកកាន់ Anfield នៅរដូវកាលនេះឡើយ ពោលគឺរង់ចាំរហូតដល់ ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៨ ទើប Keita ត្រូវផ្លាស់មកកាន់ក្រុមហង្សក្រហម Liverpool ។ ការរង់ចាំរហូតដល់ទៅ ១រដូវកាលនេះ ដោយសារតែក្រុម Leipzig ចង់រក្សាទុក Keita សិនដើម្បីជួយក្រុម ១ឆ្នាំទៀត ខណៈ Liverpool មានកីឡាករល្អច្រើនស្រាប់ហើយនោះ។ ល្បែងទិញកីឡាករទុកមុន ១ឆ្នាំនេះមិនខុសពីក្រុម Paris Saint Germain ឡើយ ដែលបានកក់ទិញខ្សែប្រយុទ្ធ Kylian Mbappe ពីក្រុម Monaco ក្នុងតម្លៃកប់ពពក តែត្រូវខ្ចីជើងទុកមួយឆ្នាំសិន ដើម្បីរង់ចាំផ្លាស់ប្តូរផ្លូវការណ៍នៅឆ្នាំក្រោយ។

យ៉ាងណាវិញ សម្រាប់ Liverpool គឺមានភាពខុសគ្នា ដោយឡែក ព្រោះថា ក្រុមជើងខ្លាំងអង់គ្លេសមួយនេះ បានកក់ទិញ Naby Keita ពីក្រុម Leipzig មែន តែមិនបានខ្ចីជើងយកមកលេងឡើយ ដោយផ្តល់ឱកាសឲ្យខ្សែបម្រើស្បែកខ្មៅរូបនេះ លេងនៅក្លិបចាស់ដដែល។ តម្លៃ ៤៨លានផោននេះ គឺជាតម្លៃដែលខ្ពស់ជាងការទិញកីឡាករ Andy Carroll ពីក្រុម Newcastle កាលពីឆ្នាំ ២០១១ និងកីឡាករ Mohamed Salah កាលពីរដូវក្តៅកន្លងមកនេះត្រឹមតម្លៃតែ ៣៤លានផោន ប៉ុណ្ណោះ។ ចំពោះ តម្លៃ ៤៨លានផោននេះ មិនទាន់ជាតម្លៃខ្ពស់បំផុតសម្រាប់ការចំណាយទិញកីឡាករ របស់ក្រុម Liverpool ឡើយ ព្រោះថា ហង្សក្រហម កំពុងតែត្រៀមទិញ Thomas Lemar ពីក្រុម AS Monaco ក្នុងតម្លៃ ៦០លានផោនផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីដំបូងក្រុម Liverpool បានតាមទិញ Naby Keita ក្នុងតម្លៃដល់ទៅ ៧០លានផោន តែដោយសារក្រុម Leipzig មិនព្រមលក់ ស្របពេលដែល Liverpool បន្តតាមប្រមាញ់ ដោយព្យាយាមលួងលោម Leipzig ឲ្យចុះថ្លៃនោះទើបនាំឲ្យមានការយល់ព្រមទាំងសងខាង ក្នុងការលក់ Naby Keita នៅរដូវកាលក្រោយ ក្នុងតម្លៃ ៤៨លានផោន ឲ្យក្រុមហង្សក្រហម Liverpool៕

មតិយោបល់