ក្រុមហ៊ុន Sony ហាក់នៅតែបង្ហាញពីគោលគំនិតអភិរក្ខនិយមចំពោះរចនាបទស្មាតហ្វូនសែស្រឡាយ Xperia របស់ខ្លួនដដែល អស់រយៈពេលជាច្រនើឆ្នាំមកហើយ។ ជាក់ស្តែងស្មាតហ្វូនលំដាប់កំពូលស៊េរីថ្មីពីរម៉ូឌែល ដែលទើបប្រកាសចេញកាលពីចុងខែមុននេះ ដែលមាន Xperia XZ1 និង XZ1 Compact នៅតែរំលេច នូវរូបរាងគែមលើ/ក្រោមរាងជ្រុងៗ និងសងខាងរាងមូលៗដដែល ប៉ុន្តែ បានបង្កើនប្រណិតភាពនៃសម្បក និងសមត្ថភាព Hardware ឱ្យកាន់តែទាក់ទាញ និងខ្លាំងថែមមួយកម្រិតទៀត។

Sony Xperia XZ1 ត្រូវបានរចនាឡើងដោយការច្របាច់បញ្ចូលគ្នារវាង XZ Premium និង XZs ដែលបានបើកបង្ហាញកាលពីខែមីនាកន្លងទៅ ហើយបើយើងមើលទៅវាពុំមានអ្វីពិសេសខុសប្លែកពីគ្នានោះទេ ប៉ុន្តែ តួទូរសព្ទត្រូវបានផលិតពីលោហៈកាន់តែល្អប្រណិត រលើបរលោង ងាយស្រួលចាប់កាន់ក្នុងដៃ ជាមួយការបំពាក់អេក្រង់ទំហំ ៥.២ អីុញ បន្ទះឈីប Snapdragon 835 អមដោយ RAM ទំហំ ៤GB។
ដោយឡែកកាមេរ៉ាក្រោយរបស់ស្មាតហ្វូនលំដាប់កំពូលនេះវិញ គឺត្រូវបានបង្កើនរហូតដល់ទំហំ ១៩ MB អាចផ្តិតយករូបភាពវីដេអូក្នុងសកម្មភាពយឺតៗបានយ៉ាងអស្ចារ្យ។ កាមេរ៉ាមុខ មានទំហំរហូតដល់ ១៣ MB អាចថតរូបបែប Selfie ក្នុងមុំធំទូលាយបានយ៉ាងគាប់ចិត្ត។ មិនតែប៉ុណ្ណោះ វាក៏មានស្រោបដោយស្រទាប់ការពារជម្រាបទឹក និងធូលីដី តាមស្តង់ដា IP68 មានបន្ទះស្កេនក្រយៅដៃបំពាក់នៅ លើប៊ូតុងបិទ/បើក (នឹងមិនមានលក់នៅគ្រប់ទីផ្សារនោះទេ) អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ ៦៤ GB និងប្រើប្រាស់ថ្មថាមពល ២៧០០mAh។
សម្រាប់ Xperia XZ1 Compact វិញ គឺមានទំហំអេក្រង់ ៤.៦ អីុញ ជាមួយខ្នាតបញ្ចាំងរូបភាពកម្រិត HD ឬ ៧២០p មានកាមេរ៉ាមុខ ៨ MP តូចជាង XZ1 ហើយមានកម្រាស់ ៩.៣ មីល្លីម៉ែទ្រ ក្រាស់ជាង XZ1 ១.៩ មីល្លីម៉ែត្រ។

ស្មាតហ្វូន របស់ក្រុមហ៊ុជប៉ុនស៊េរីថ្មីទាំងពីរម៉ូឌែល សុទ្ធតែបំពាក់មកជាមួយប្រព័ន្ធ Android 8.0 Oreo ចេញពីប្រអប់ និងមានជម្រើសពណ៌ខ្មៅ ប្រាក់ ខៀវ និងផ្កាឈូកដូច គ្នា។ ចំពោះតម្លៃវិញមិនទាន់ត្រូវបានប្រកាសឡើងនៅឡើយទេ ប៉ុន្តែ វាចាប់បើកឱ្យបញ្ជាទិញទុកមុនចាប់ពីខែកញ្ញានេះហើយ៕
មតិយោបល់