ព័ត៌មានកីឡា

Ronaldo៖ “បើ Real Madrid ខ្វះខ្សែប្រយុទ្ធហើយត្រូវការខ្ញុំ ខ្ញុំនឹងត្រឡប់ទៅវិញ”

កំពូលខ្សែប្រយុទ្ធប្រេស៊ីល Ronaldo បានប្រាប់ ESPN reports ថា រូបគេស្វាគមន៍ជានិច្ច ប្រសិនបើក្រុមស្តេចស Real Madrid ត្រូវការរូបគេឲ្យទៅធ្វើជាខ្សែប្រយុទ្ធពាក់​ស្លាកលេខ ៩វិញនោះ។

នេះគឺសម្តីមួយឃ្លាដែលត្រូវបាន ESPN reports ដកស្រង់ចេញមក ដែលអតីតខ្សែប្រយុទ្ធឆ្នើមលំដាប់​ពិភព​លោក​ Ronaldo មានបំណងចង់មកលេងឲ្យក្រុមស្តេចស Real Madrid វិញ។ ជាការពិតណាស់ខ្សែប្រយុទ្ធប្រេស៊ីល បានមើលឃើញពី​ ភាពកម្សោយរបស់ខ្សែប្រយុទ្ធ Real Madrid នាពេលបច្ចុប្បន្ននេះ មិនសូវមុខស្រួចដូចរដូវ​កាលមុនឡើយ។ កីឡាករវ័យ ៤១ឆ្នាំ បាននិយាយថា ថ្វីបើកំពូល​ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ជាតារាស៊ុតរបស់ Real Madrid មែន តែរូបគេមិនមែនជាខ្សែប្រយុទ្ធដាច់ល្អឡើយ បើរូបគេលេងស្លាបគឺល្អជាងលេងប្រយុទ្ធកណ្តាល។

ម្យ៉ាងវិញទៀត សម្រាប់ Benzema វិញដូចជាមិនសូវល្អ ដូចមុនឡើយ​ ខណៈ Gareth Bale ក៍ធ្លាក់ទម្រង់ រួមទាំង​ខ្សែប្រយុទ្ធវ័យក្មេងក្រោយៗ មិនទាន់ល្អនៅឡើយទេ ដែលទាមទារឲ្យ Real Madrid ត្រូវតែរកខ្សែប្រយុទ្ធចំណូលថ្មីបន្ថែម។ យ៉ាងណាវិញ នៅពេលសួរទាក់ទង នឹងការវិលត្រឡប់ទៅកាន់ Real Madrid វិញ Ronaldo បាននិយាយថា ប្រសិនបើ Real ត្រូវការខ្សែប្រយុទ្ធលេខ៩​ រូបគេស្ម័គ្រចិត្តលេង តែមិនមែនលេងឲ្យឈុតធំ Real Madrid នាពេលបច្ចុប្បន្ននេះឡើយ គឺឈុតវ័យចំណាស់ របស់​​ Real Madrid ប៉ុណ្ណោះ។

អតីតមិត្តរួមក្រុម Zidane នៅ Real Madrid រូបនេះ បានបន្ថែមទៀតថា រូបគាត់ចាស់ហើយ មិនអាចលេងបានល្អដូចកីឡាករក្មេង​ៗជំនាន់ក្រោយឡើយ ដែលនេះគ្រាន់តែជាការនិយាយលេងសើចរបស់គាត់​ប៉ុណ្ណោះ។ ក៍ប៉ុន្តែ Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថា Real Madrid រដូវកាលនេះ មានភាពខ្សោយនៅតំបន់ប្រយុទ្ធមិនដូចរដូវកាលមុន​ឡើយ ថ្វើបើខ្សែបម្រើ Real Madrid ខ្លាំងគ្មានគូប្រៀបមែន តែបើប្រយុទ្ធមិនស្រួចហើយ គឺមិនជោគជ័យឡើយ។

Cristiano Ronaldo មិនអាចប្រយុទ្ធទោលតែម្នាក់ឯង បានឡើយគាត់ត្រូវការដៃគូល្អ​ ដូច្នេះហើយ Real Madrid ត្រូវការខ្សែប្រយុទ្ធល្អថ្មីហើយដើម្បីចាប់ដៃគូ ជាមួយ ខ្សែប្រយុទ្ធព័រទុយហ្គាល់ ព្រោះថា Benzema កំពុងធ្លាក់ទម្រង់លេងបន្តិចហើយ។

មតិយោបល់