នេះគឺជាក្តីសង្ឃឹមយ៉ាងធំមួយសម្រាប់ក្រុមជើងខ្លាំងមកពី ជប៉ុន Urawa Red Diamonds ក្នុងការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Asia Champion League បន្ទាប់ពីប្រកួតស្មើលើទឹកដីក្រុមខ្លាំងចិន Shanghia SIPG ក្នុងលទ្ធផល ១-១ នាជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ថ្វីបើក្រុមជប៉ុន Urawa Red Diamonds មិនសូវមានកីឡាករបរទសឆ្នើមៗ ដោយភាគច្រើនជាកីឡាករលេងក្នុងស្រុកក៍ដោយ ក៍ប៉ុន្តែក្រុម ខ្លាំងជប៉ុនមួយនេះ បានតាមស្មើក្នុងទឹកដីក្រុមចិន Shanghai SIPG ដែលពោរពេញទៅដោយកីឡាករបរទេស ទិញពីលីគកំពូលៗ នៅអឺរ៉ុបផងដែរ។ ជាក់ស្តែងណាស់ ការប្រកួតវគ្គ Play Off ពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ Asia Champion League ក្រុមម្ចាស់ផ្ទះចិន Shanghai SIPG បានលេងត្រឹមស្មើ ១-១ ជាមួយក្រុម Urawa Red Diamonds ប៉ុណ្ណោះ។
ខ្សែប្រយុទ្ធប្រេស៊ីល ដ៍មានឥទ្ធិពល Hulk របស់ក្រុមម្ចាស់ផ្ទះ Shanghai SIPG បានស៊ុតនាំមុខលើក្រុមភ្ញៀវមុន តាំងពីនាទីទី ១៥ ដែលធ្វើឲ្យសម្រែកអ្នកគាំទ្រស្រែកកងរំពងពេញទីលានតែម្តង។ យ៉ាងណាវិញ ក្រុមភ្ញៀវជប៉ុន Urawa Red Diamonds បានធ្វើការវាយបកវិញយ៉ាងខ្លាំងក្លា ដោយអាចស្វែងរកគ្រាប់បាល់តាមស្មើមកវិញ នៅនាទីទី២៨ ដោយការស៊ុតរបស់កីឡាករ Yosuke Kashiwagi ។ ក្រុមទាំង២ បានបន្តការវាយលុកគ្នាយ៉ាងខ្លាំងក្លា តែមិនអាចធ្វើអ្វីគ្នាបានឡើយ ដោយរក្សាលទ្ធផល ត្រឹម ១-១ រហូតដល់ចប់ការប្រកួត។
ដូច្នេះហើយ សម្រាប់ការផ្លាស់ទឹកដី ទៅកាន់ប្រទេសជប៉ុន ក្នុងកីឡារដ្ឋាន របស់ក្រុម Urawa Red Diamonds វិញនោះ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា(ជើងទី២) ខណៈក្រុម Urawa មានសង្ឃឹមច្រើនក្នុងការយកឈ្នះលើក្រុមចិន Shanghai SIPG ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Asia Champion League នាឆ្នាំនេះ។
មតិយោបល់