បន្ទាប់ពីភាពមិនច្បាស់លាស់ ទាក់ទងនឹងតួនាទីអ្នកទាត់បាល់១១ម៉ែត្រ របស់ក្រុម Paris Saint Germain ដែលបង្កឲ្យមានបញ្ហានាពេលកន្លងមកនោះ ឥលូវនេះ តួនាទីនេះ បានធ្លាក់មកលើ Neymar យ៉ាងពិតប្រាកដហើយ។
ការទាត់បាល់ ១១ម៉ែត្រនៅក្រុម Paris Saint Germain គឺជាដើមចមនៃជម្លោះរវាង Neymar និង Cavani នាពេលកន្លងមក ដែលធ្វើឲ្យមានការប្រេះស្រាំគ្នារវាងកីឡាករទាំង២ នាពេលកន្លងមក។ យ៉ាងណាវិញ តាមរយៈដំណោះស្រាយជាច្រើន ដែលក្រុម Paris Saint Germain បានដោះស្រាយ នាពេលកន្លងនក ហាក់ដូចជា មិនទទួលបានភាពជោគជ័យឡើយ រួមទាំងការបដិសេធ មិនទទួលយកលុយ ១លានអឺរ៉ូដើម្បីផ្តល់តួនាទីអ្នកទាត់បាល់ ១១ម៉ែត្រទៅឲ្យ Neymar ពីសំណាក់ Cavani ផងដែរ។
យ៉ាងណាវិញ តាមរយៈការប្រកួតជាមួយក្រុម Bordeaux យប់មិញនេះ បានបង្ហាញឲ្យឃើញថា ច្រកបញ្ហារបស់ក្រុម Paris Saint Germain ត្រូវបានដោះស្រាយហើយ ព្រោះថា Cavani បានយល់ព្រមឲ្យ Neymar ជាអ្នកទាត់បាល់ ១១ម៉ែត្រហើយ ដោយមិនមានការដណ្តើម និងប្រជែងគ្នាឡើយ។ Neymar បានស៊ុតបាល់ ១១ម៉ែត្រ នៅនាទីទី៤០ ដែលជាគ្រាប់បាល់ទី២របស់រូបគេ ក្នុងការប្រកួត ជាមួយក្រុម Bordeaux ដែលបានជួយឲ្យ Paris Saint Germain ឈ្នះក្នុងលទ្ធផល ៦-២។
ដូច្នេះហើយ តួនាទីអ្នកទាត់បាល់ ១១ម៉ែត្ររបស់ក្រុម Paris Saint Germain ចាប់ពីពេលនេះទៅ មិនមានការស្មុគស្មាញទៀតឡើយ ព្រោះថា Edinson Cavani បានយល់ព្រមផ្តល់តួនាទីនេះទៅដល់ កីឡាករចំណូលថ្មី Neymar ដើម្បីបញ្ចប់បញ្ហា ក្នុងក្រុម និងដើម្បីសហការគ្នា ក្នុងការប្រកួតដណ្តើមពានវិញជាជាងដណ្តើមយកមុខមាត់។
មតិយោបល់