នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ជើងទី២ ដំណាក់កាលទី៤ នឹងត្រូវចាប់ផ្តើមប្រកួត ខណៈដែល គីរីវង់សុខសែនជ័យ ត្រូវទទួល អាសុីអឺរ៉ុបយូណាយធីត នាវេលាម៉ោង ៣ៈ០០ នាទីរសៀល នៅលើវាលស្មៅនៃកីឡដ្ឋានខេត្តតាកែវ។
បើតាមសម្តីគ្រូបង្វឹករបស់គីរីវង់សុខសែនជ័យ លោក ផាន ចាន់ផាត បានលើកឡើងថា សម្រាប់លីគយើងមិនមានសង្ឃឹមឡើយ តែពានរង្វាន់សម្តេច ហ៊ុន សែន ខ្ញុំបានដាក់គោលដៅយ៉ាងហោចណាស់ អាចឈានដល់វគ្គ ៨ក្រុម ចុងក្រោយ ឫក៏អាចឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ប៉ុន្តែបើសិនជារដូវកាលនេះក្រុមរបស់ខ្ញុំធ្លាក់ទៅលីគទី២ នៅឆ្នាំបន្ទាប់យើងនឹងឡើងមកវិញ ហើយនៅពេលឡើងមកវិញខ្ញុំនឹងរៀបចំឲ្យបានល្អជាងរដូវកាលនេះ។ បញ្ហាធំបំផុតយើងមិនមានកីឡាករបរទេសដូចក្រុមផ្សេង កីឡាករបរទេសមានតែអ្នកចាំទីម្នាក់គត់នៅពេលនេះ។
សូមរំលឹកផងដែរថា កាលពីជួបគ្នានៅជើងទី១ គីរីវង់សុខសែនជ័យ បានយកឈ្នះ អាសុីអឺរ៉ុបយូណាយធីត ២ទល់០ នាកីឡដ្ឋានស្តាតចាស់ដែលជាទឹកដីបណ្តោះអាសន្នអាសុីអឺរ៉ុប។ រង់ចាំមើលថា ក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវ អាចសម្រេចបំណងឈានទៅវគ្គ ៨ក្រុម ចុងក្រោយបានដែរទេ?
មតិយោបល់