ព័ត៌មានកីឡា

Mahrez របូតពានធ្លាប់កាន់ឆ្នាំមុន

ខ្សែបម្រើប្រយុទ្ធស្លាប ជម្រើសជាតិអាល់សេរ៉ី Riyad Mahrez មិនត្រូវបានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអាហ្រ្វិក ជ្រើសរើសក្នុងចំណោមកីឡាករ ៣០នាក់ចុងក្រោយ ដែលត្រូវប្រជែងយកពានកីឡាករល្អ ប្រចាំទ្វីបអាហ្រ្វិក Caf’s African Player Of the Yer ប្រចាំឆ្នាំ ២០១៧​ នេះឡើយ។

បើតាមការចុះផ្សាយរបស់ Sky Sports បានឲ្យដឹងថា Riyad Mahrez ម្ចាស់ជ័យលាភី Caf’s African Player Of the Year កាលពីឆ្នាំ ២០១៦ រូបនេះ មិនជាប់ក្នុងបញ្ជីឈ្មោះ ៣០នាក់ចុងក្រោយរបស់​កីឡាករ​ដែលត្រូវប្រជែងពាន កីឡាករល្អប្រចាំទ្វីបអាហ្វ្រិកឆ្នាំនេះ​ឡើយ។ Mahrez ហាក់មិនទទួលបានជោគជ័យឡើយ ក្នុងរដូវកាលនេះ ព្រោះថា ការបរាជ័យ ក្នុងការផ្លាស់ទៅកាន់ក្លិបធំៗ និងការមិនអាចជួយក្រុម Leicester City ឲ្យមានតំណែងក្នុងពានអឺរ៉ុបនារដូវកាលមុន បានធ្វើឲ្យកីឡា​កររូបនេះ ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ដែលខុសប្លែកពីរដូវកាល ២០១៥-២០១៦ ដែល Mahrez មានប្រជាប្រិយភាព ខ្លាំងហួសពីការស្មាន។

យ៉ាងណាវិញ បើទោះបីជាយ៉ាងនេះក្តី មិននឹកស្មានថា ត្រឹម ៣០នាក់ចុង​ក្រោយរបស់សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក បែរជាមិនមាន​ឈ្មោះរបស់ Mahrez ទៅវិញ ព្រោះថាកីឡាកអាល់សេរ៉ី រូបនេះ គឺជាម្ចាស់ពានកាលពីឆ្នាំមុនកន្លងមក ដែលដូចជាអាប់មុខដល់ Mahrez យ៉ាងខ្លាំង។ ក្នុងនោះដែរ ម្ចាស់ពាន Caf’s African Player of the Year កាលពីឆ្នាំ ២០១៥ កីឡាករ Pierre-Emerick Aubameyang, Sadio Mane, Mohamed Salah និងកីឡាករជាច្រើនទៀត ដែលមានវត្តមាននៅលីគអឺរ៉ុប មួយចំនួន ជាប់ក្នុងបញ្ជី ប្រកួតប្រជែង ៣០នាក់ចុងក្រោយទាំងអស់។

ដូច្នេះហើយ Riyad Mahrez ពិតជាមានការសោកស្តាយយ៉ាងខ្លាំង​ ចំពោះអវត្តមាន ក្នុងការប្រកួតប្រជែងពាន កីឡាករល្អប្រចាំទ្វីបអាហ្វ្រិកនេះ ព្រោះថា រូបគេមិនអាចការពារតំណែងរបស់ខ្លួនបាន ជាពិសេសនោះ របូតតំណែង ទាំង ៣០នាក់ចុងក្រោយក៍មិនជាប់នោះ។

មតិយោបល់