កំពូលខ្សែប្រយុទ្ធ Cristaino Ronaldo មិនមានបំណងចង់បន្តកុងត្រាថ្មីជាមួយក្រុម Real Madrid ឡើយ បន្ទាប់ពីកីឡាកររូបនេះ លេងធ្លាក់ទម្រង់យ៉ាងខ្លាំងនៅរដូវកាលនេះ។
បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា Cristiano Ronaldo បានប្រាប់សារពត៌មាន នាពេលថ្មីៗ នេះថា រូបគេមិនមានបំណងចង់បន្តកុងត្រាថ្មីជាមួយក្រុមReal Madrid ឡើយ។ ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា Ronaldo មិនចង់មានតម្លៃខ្លួនចាញ់ខ្សែប្រយុទ្ធកំពូលពីររូប គឺ Neymar ដែលផ្លាស់ទៅកាន់ក្រុម Paris Saint Germain ក្នុងតម្លៃ ២២២លានអឺរ៉ូ និង ដៃគូប្រជែងដ៍ធំបំផុត Lionel Messi ដែលបន្តកុងត្រាថ្មីជាមួយក្រុម Barcelona ទទួលបាន ៣០លានផោនក្នុងមួយឆ្នាំ។ យ៉ាងណាវិញ Ronaldo ប្រសិនបើផ្លាស់ទៅកាន់ក្រុមផ្សេងនៅអឺរ៉ុប ទំនងជាតម្លៃខ្លួន របស់តារាឆ្នើមរូបនេះ មិនទាបឡើយ អាចខ្ពស់ជាងតម្លៃផ្ទេររបស់ Neymar ទៅកាន់ Paris Saint Germain ផងដែរ។
គួរបញ្ជាក់ផងដែរថា Cristiano Ronaldo កាលពីរដូវកាលមុន គឺជាតួអង្គយ៉ាងសំខាន់ក្នុងការជួយក្រុម Real Madrid ឲ្យឈ្នះពាន Laliga និង Champion League ព្រមទាំងទទួលបានពានរង្វាន់ចំនួន២ នាពេលថ្មីៗកន្លងមកនេះ។ ក៍ប៉ុន្តែ រដូវកាលនេះ Ronaldo ហាក់ដូចជាធ្លាក់ទម្រង់លេងជាងមុនយ៉ាងខ្លាំង ថ្វីបើខ្សែប្រយុទ្ធកំពូលរូបនេះ ស៊ុតបាន ៦គ្រាប់នៅ Champion League ក៍ដោយ តែនៅ Laliga កីឡាកររូបនេះ ទើបតែរកបាន១គ្រាប់ប៉ុណ្ណោះ ដែលនេះបង្ហាញឲ្យឃើញពីការធ្លាក់ទម្រង់លេងយ៉ាងខ្លាំង របស់ Ronaldo។
យ៉ាងណាក៍ដោយ ការសម្រចចិត្ត មិនបន្តកុងត្រាថ្មីជាមួយ Real Madrid ប្រហែលជាមានជម្រើស២ សម្រាប់កីឡាកររូបនេះ ទី១ ផ្លាស់ទៅកាន់ Manchester United និងទី២ ផ្លាស់ទៅកាន់លីគកំពូលរបស់ចិន ដែលផ្តល់តម្លៃខ្លួនកប់ពពកដល់ កីឡាកររូបនេះ។ ក៍ប៉ុន្តែ Ronaldo ទំនងជាមិនមកកាន់អាស៊ីឡើយ ព្រោះថានៅអឺរ៉ុប Ronaldo មិនប្រាកដថា មានតម្លៃខ្លួនចាញ់ Neymar និង Messi ឡើយ ម្យ៉ាងវិញទៀតនោះ កំពូលតារាឆ្នើមរូបនេះ អាចបន្តគ្រងតំណែងតារាឆ្នើម រួមទាំងការប្រជែងពនរង្វាន់ជាច្រើនផងដែរ ខណៈបីសាច្រហម Manchester United ទំនងជាជម្រើសយ៉ាងប្រសើរសម្រាប់ Cristiano Ronaldo ។
ដូច្នេះហើយ រង់ចាំមើលថា តើកំពូលតារាឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo ពិតជាយល់ព្រមចាកចេញពី Real Madrid ឬយ៉ាងណា? ព្រោះថា តាំងពីផ្លាស់មកកាន់ Real Madrid កាលពីឆ្នាំ ២០០៩ កន្លងមក ប្រជាប្រិយភាពរបស់កីឡាកររូបនេះ ល្បីល្បាញខ្លាំងជាងនៅអង់គ្លេស រួមទាំងទទួលបានពានង្វាន់ យ៉ាងច្រើនផងដែរ។



មតិយោបល់