ព័ត៌មានកីឡា

Man Utd ត្រៀមបន្ថែមខ្សែការពារម្នាក់ទៀត

ក្រុមបីសាចក្រហម Manchester United ថ្វីបើបញ្ហាខ្សែ​ការពារ ត្រូវបានធូរស្បើយជាបណ្តើរៗ ទៅហើយក៍ដោយ ក៍ប៉ុន្តែ ក្រុមអង់គ្លេសមួយនេះ នៅតែចង់បន្ថែមខ្សែការពារថ្មី​ដដែល។

បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា លោក Jose Mourinho បានត្រៀមនាំយក ខ្សែការពារ​វ័យ៣០ឆ្នាំ ប្រេស៊ីល David Luiz ពីក្រុមតោខៀវ Chelsea មួយរូបទៀតហើយ។ ជាក់ស្តែងណាស់ តាំងពីមកដឹកនាំ ក្រុមបីសាចក្រហមកាលពីរដូវកាលមុនកន្លងមក មកទល់ពេលនេះ លោក Jose Mourinho បាននាំយកអតីតកីឡាករនៅក្លិបចាស់ របស់លោក Chelsea មួយរូបហើយ គឺ Nemanja Matic កាលពីរដូវ​ក្តៅកន្លងមក។ យ៉ាងណាវិញ លោក Jose Mourinho មានបំណងចង់បាន David Luiz ម្នាក់ទៀត ដើម្បីយកមកពង្រឹងក្លិប នៅតំបន់ខ្សែការពារឲ្យកាន់តែរឹងមាំ ជាងមុនឡើង។

ការព្យាយាមចង់បាន Luiz នេះដែរ ដោយសារតែលោក Jose Mourinho ចង់មកបំពេញបន្ថែមនៅតំបន់កណ្តាល ម្យ៉ាងវិញទៀតនោះ Luiz មិនត្រឹមតែអាចលេងបាននៅតំបន់ការពារប៉ុណ្ណោះទេ តែកីឡាកប្រេស៊ីលរូបនេះ អាចមកលេងនៅតំបន់កណ្តាល​បានយ៉ាងល្អ រួមទាំងពេលខ្លះ អាចឡើងមករកគ្រាប់បាល់​នៅតំបន់ប្រយុទ្ធផងដែរ។ អ្វីដែលជារឿងយ៉ាងល្អ សម្រាប់ Man Utd នោះគឺ David Luiz បានធ្វើការរិះគន់ចំៗ លើទម្រង់លេងក្រោមការដឹកនាំរបស់លោក Antonio Conte នាពេលកន្លងមក ជាហេតុធ្វើឲ្យរូបគេ មិនសូវបានលេងឡើយ នៅរដូវកាលនេះ ។

ដូច្នេះហើយ នៅខែករាខាងមុខនេះ លោក Jose Mourinho នឹងនាំយក ខ្សែការពារប្រេស៊ីលរូបនេះឲ្យបាន ដើម្បីយកមកពង្រឹងក្លិប ឲ្យកាន់តែរឹងមាំ ក្នុងនាមជាក្រុមប្រជែង Premier League រដូវកាលនេះ។

មតិយោបល់