ពេលខ្លះសេវាទូរសព្ទ iPhone លោកអ្នកស្រាប់តែដាច់ ឬចុះខ្សោយខុសធម្មតា ខណៈខ្លួនមិនមែនឋិតនៅក្នុងតំបន់មានសេវាខ្សោយ? បើដូច្នេះមែន សូមសាកដំណោះស្រាយជាជំហានៗដូចខាងក្រោមនេះ ដែលវានឹងអាចជួយជួសជុលបញ្ហាសេវាទូរសព្ទដែលឧស្សាហ៍កើតឡើងជាទូទៅបានក្នុងកម្រិតដ៏ខ្ពស់។
១- ចុចបិទ/បើកទូរសព្ទ
នេះគឺជាជំហានដ៏សាមញ្ញា និងមានប្រសិទ្ធភាពខ្ពស់មួយ ដែលលោកអ្នកអាចសាកល្បងមុនគេ។ វាអាចជួយដោះស្រាយបញ្ហារាប់រយជំពូកនៅលើទូរសព្ទ រាប់បញ្ចូលទាំងបញ្ហាសេវាផងដែរ។ ដើម្បីធ្វើដូច្នេះលោកអ្នកគ្រាន់តែ៖
– ចុចជាប់លើប៊ូតុង Power រហូតដល់របារ Power off បង្ហាញឡើង
– ទាញរបារនោះមកខាងស្តាំង រួចរង់ចាំរហូតដល់អេក្រង់ទូរសព្ទរលត់
– ចុចជាប់លើប៊ូតុង Power ម្តងទៀត រហូតដល់ឡូហ្គូរូបផ្លែប៉ោមបង្ហាញឡើង ជាការស្រេច។
២- ចុចបិទ/បើកមុខងារ Airplane Mode
វាអាចជួយឱ្យសេវាទូរសព្ទដែលដាច់ ឬខ្សោយឱ្យមានឡើងវិញបាន សូម្បីតែសេវាអិុនធើណែត។ ព្រោះនៅពេលលោកអ្នកចុចវាបិទ រួចបើកឡើងវិញ អង់តែនទូរសព្ទនឹងធ្វើការស្វែងរកចាប់រលកសញ្ញាទូរសព្ទឡើងវិញ ស្រដៀងទៅនឹងការចុច Refresh អីចឹងដែរ។ ដើម្បីធ្វើដូចនេះ លោកអ្នកគ្រាន់តែ៖
– អូសផ្ទាំង Control Center ពីផ្ទាំងអេក្រង់ខាងក្រោមរបស់ទូរសព្ទចេញ
– ចុចលើរូបសញ្ញាយន្តហោះ Airplane Mode ឱ្យវាលោតចេញពណ៌ទឹកក្រូច (បើក)
– ចុចលើវាម្តងទៀតដើម្បីបិទមុខងារនេះចោលវិញ ជាការស្រេច។
៣- ចុច Reset បណ្តាញសេវាទូរសព្ទ
ពេលខ្លះប្រព័ន្ធសេវាទូរសព្ទលើទូរសព្ទ iPhone របស់លោកអ្នកមានការជាប់គាំងដោយប្រការណាមួយមិនដឹង។ ដូច្នេះ បើដំណោះស្រាយ ២ ខាងលើនៅតែមិនមានប្រសិទ្ធភាព លោកអ្នកអនុវត្តជំហានមួយនេះដោយ៖
– ចូលទៅកាន់កម្មវិធី Settings -> General -> Reset
– ជ្រើសរើសយក Reset Network Settings
– វាយបញ្ចូលលេខកូដដែលលោកអ្នកប្រើចាក់ទូរសព្ទ រួចចុចលើប៊ូតុង Reset Network Settings។ ភ្លាមៗនោះ ទូរសព្ទនឹងធ្វើការបិទ/បើកដោយខ្លួនឯង ដើម្បីកែសម្រួលប្រព័ន្ធសេវាទូរសព្ទដោយវិលមកធម្មតាវិញ ប្រសិនបើវាត្រូវបានកំណត់ខុស។
៤- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ iOS
ប្រព័ន្ធ iOS ជំនាន់មួយចំនួនអាចនឹងភ្ជាប់មកជាមួយកំហុសឆ្គងដែលបង្កឱ្យបណ្តាញសេវាទូរសព្ទមានបញ្ហា។ ដូច្នេះ បើវិធីខាងលើនៅតែមិនបានការ លោកអ្នកគួរតែ Update (ធ្វើបច្ចុប្បន្នភាព) ប្រព័ន្ធ iOS ឱ្យឡើងដល់ជំនាន់ចុងក្រោយបង្អស់ដោយ៖
– ចូលទៅកាន់កម្មវិធី Settings -> General -> Software Update
– ប្រសិនបើវាមិនមែនជាជំនាន់ចុងក្រោយទេនោះ ប៊ូតុង Download & Install នឹងបង្ហាញឡើង
– សូមចុចលើប៊ូតុងនោះ ដើម្បីទាញយក និងដំឡើង ហើយរង់ចាំរហូតដល់ការធ្វើបច្ចុប្បន្នភាពដំណើរការចប់ ជាការស្រេច៕
មតិយោបល់