ខ្សែប្រយុទ្ធប្រេស៊ីល Neymar JR ចាប់ផ្តើមធ្វើឲ្យមានភាពរញ៉េរញ៉ៃឡើងវិញហើយ ជាមួយនឹងអតីតក្លិប ដែលបានធ្វើឲ្យរូបគេសាងភាពល្បីល្បាញ នាពេលកន្លងមក គឺក្រុម Barcelona ទាក់ទងទៅនឹងការប្តឹងទារលុយប្រមាណជា ២៣០ លានអឺរ៉ូ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា Neymar បានប្តឹងក្រុម Barcelona ឲ្យប្រគល់លុយ ២៣០ លានអឺរ៉ូ ដែលក្រុម Barcelona បានចំណាយបន្ថែមលើកុងត្រារបស់កីឡាករប្រេស៊ីលរូបនេះ។ រឿងរ៉ាវនៃបណ្តឹងនេះ កើតឡើងតាមរយៈក្រុម Barcelona ដើម្បីរារាំង Neymar មិនឲ្យចាកចេញទៅកាន់ Paris Saint Germain ក្រុម Barcelona បានចំណាយទឹកប្រាក់បន្ថែម ៣០លានអឺរ៉ូ ពីលើកុងត្រាចាស់ ដើម្បីរក្សា Neymar បន្តនៅក្លិប រហូតដល់ឆ្នាំ ២០២១។
យ៉ាងណាវិញនោះ លុយដែល Barcelona បានបន្ថែមលើកុងត្រាចាស់នោះ មិនត្រូវបានប្រគល់ឲ្យ Neymar នៅឡើយទេ ដោយរក្សាទុកក្នុងធនាគារ ស្របពេលដែលក្រុម Paris Saint Germain បានទិញផ្តាច់កុងត្រារបស់ Neymar បានធ្វើឲ្យក្រុម Barcelona ចាត់ទុកជាមោឃៈ លើលុយដែលបន្ថែមដល់ Neymar នោះ។ យោងទៅលើ ហេតុផលនេះហើយ Neymar បានប្តឹងក្រុម Barcelona ឲ្យសងប្រាក់ឈ្នួលនោះ មកដល់រូបគេវិញ ប្រសិនបើ Neymar ឈ្នះក្តីនេះមែនរូបគេនឹងទទួលបានទឹកប្រាក់ ២៣០ លានអឺរ៉ូ ពីកុងត្រា ៤ ឆ្នាំជាមួយក្រុម Barcelona ។
ទោះបីជាយ៉ាងនេះក្តី ក្រុម Barcelona ក៍បានប្តឹងបកមកកាន់ Neymar វិញផងដែរ ក្នុងទឹកប្រាក់ ៧៥ លានអឺរ៉ូ ពីបទធ្វើឲ្យខូចខាតប្រាក់ចំណូល ដែល Neymar ចាកចេញមុនកុងត្រានេះ។
មតិយោបល់