ការធ្លាក់ចេញពី UEFA Champion League ក្រោមស្នាដៃក្រុមការពារតំណែងជើងឯក Real Madrid បានធ្វើឲ្យក្រុម Paris Saint Germain ឈឺចាប់យ៉ាងខ្លាំង ដោយក្លិបបារាំងមួយនេះ ត្រៀមសងសឹកឡើងវិញ នៅឆ្នាំក្រោយតាមរយៈការប្តូរគ្រូបង្វឹកថ្មី។
បើតាមការចុះផ្សាយរបស់កាសែត AS បានឲ្យដឹងថា ក្រុម Paris Saint Germain នឹងបន្តផ្លាស់គ្រូបង្វឹកថ្មីមួយរូបទៀត ជំនួសតំណែងលោក Unai Emery ដែលមិនអាចជួយក្រុម ឲ្យឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Champion League ។ ជាក់ស្តែងណាស់ ប្រភពខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា ក្រុម Paris Saint Germain បានសម្លឹងឃើញគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte ដើម្បីមកដឹកនាំក្លិបបារាំងមួយនេះ នៅរដូវកាលក្រោយ។ ថ្វីបើលោក Conte ដឹកនាំ Chelsea មិនជោគជ័យនៅរដូវកាលនេះក៍ដោយ តែសម្រាប់ក្រុម Paris Saint Germain នៅតែចង់បានគ្រូបង្វឹកអ៊ីតាលីរូបនេះ ដដែល ដោយរំពឹងថា លោកអាចជួយក្លិបបារាំងមួយនេះ ឲ្យប្រសើរជាងការដឹកនាំរបស់លោក Emery ។
គួរបញ្ជាក់ផងដែរថា លោក Antonio Conte នាពេលកន្លងមកនេះ មានពត៌មានជាច្រើនបានចុះផ្សាយថា លោកនឹងចាកចេញពី Chelsea នៅចប់រដូវកាលនេះ ខណៈក្រុមជម្រើសជាតិអ៊ីតាលី កំពុងចង់បានលោកត្រឡប់ទៅវិញ ស្របពេលដែលក្លិបធំៗ នៅអ៊ីតាលី ចង់បានលោក Conte ដូចគ្នា ខណៈ Paris Saint Germain ក៍ចង់នាំយកលោក Conte ទៅកាន់ទឹកដីបារាំងផងដែរ។
មតិយោបល់