ព័ត៌មានកីឡា

ត្រកូល Manchester ទាំងពីរ ប្រជែងទិញ Neymar

ក្រោយពីក្រុម Real Madrid ហាក់ងាករេ ចំពោះការតាម​ប្រមាញ់ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ពីក្រុម Paris Saint Germain នៅមួយយ:ចុងក្រោយនេះ ក្រុមជើងខ្លាំង ពីរនៅអង់គ្លេស កំពុងតែប្រជែងគ្នាយ៉ាង​ខ្លាំង ក្នុងការនាំយក កីឡាករកំពូលរូបនេះ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United និងក្រុមមេឃខៀវ Manchester City ចាប់អារម្មណ៍ ប្រជែងទិញ Neymar ជាមួយក្រុមយក្ស​អេស្ប៉ាញ Real Madrid ។ ក្រុមអង់គ្លេសទាំង២ នេះ កំពុងតែ រៀបចំខ្លួន ក្នុងការជួបក្រុម Paris Saint Germain ដើម្បីនិយាយថ្លៃទាក់ទងនឹងការផ្ទេរ Neymar មកកាន់អង់គ្លេស នៅរដូវកាលក្រោយ។

ថ្វីដ្បិត តែ Real Madrid បានបង្ហាញចំណាប់អារម្មណ៍ចង់បាន Neymar យ៉ាងខ្លាំង នាពេលកន្លងមក រួមទាំងធ្លាប់បង្ហាញទំហំទឹកប្រាក់ដល់ទៅ ៣០០លានអឺរ៉ូ ក្នុងការទិញកីឡាកររូបនេះ ក៍ដោយ ក៍ប៉ុន្តែមួយរយ:ចុងក្រោយនេះ Real Madrid បានងាកទៅចាប់អារម្មណ៍កីឡាករកំពុងឡើងជើង Mohamed Salah របស់ក្រុមហង្សក្រហម Liverpool វិញ។ ការស្ងប់ស្ងាត់ នៃការចង់បាន Neymar នេះហើយ បានធ្វើឲ្យក្រុមត្រកូល Manchester ទាំង២ ចាប់យក​ឱកាស ក្នុងការប្រជែងគ្នា ដើម្បីទិញយកខ្សែប្រយុទ្ធ​ប្រេស៊ីលរូបនេះ មកកាន់ Premier League ។

យ៉ាងណាវិញ ការចាប់អារម្មណ៍ ចង់បាន Neymar របស់ក្រុម Manchester United, Manchester City និង Real Madrid នេះដែរ នៅមិនទាន់ទទួលបានភ្លើង​ខៀវ ពីក្រុម Paris Saint Germain ឡើយ ព្រោះថាក្លិបបារាំងមួយនេះ ចង់ឈ្នះ Champion League សិនទើបលក់ Neymar ជាក្រោយ។

មតិយោបល់