ក្រុម AS Roma បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពិភពបាល់ទាត់ ដោយបានវាយបកទម្លាក់ក្រុម Barcelona ឲ្យជ្រុះចេញពីក្របខ័ណ្ឌ UEFA Champion League ត្រឹមវគ្គ ៨ក្រុមចុងក្រោយនេះ ក្រោយពីបំបាកក្រុម Barcelona មិនឲ្យតដៃបានក្នុងលទ្ធផល ៣-០ ។
នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលមិនគួរឲ្យជឿឡើយ សម្រាប់ក្រុមយក្សអេស្ប៉ាញ Barcelona ដែលត្រូវធ្លាកក្រោមថ្វីជើង ក្រុមអ៊ីតាលី នៅវគ្គ ៨ក្រុមចុងក្រោយ Champion League រយៈពេល២ឆ្នាំជាប់ៗគ្នាបែបនេះ។ ជាក់ស្តែងណាស់ Roma ពិតជាធ្វើបានយ៉ាងល្អ បើទោះបីជាត្រូវក្រុម Barcelona យកឈ្នះកាលជើងទី១ ៤-១ ក៍ដោយ តែក្រុមអ៊ីតាលីមួយនេះ បានវាយបកយ៉ាងខ្លាំងក្លាមកវិញ ដោយយកឈ្នះក្រុម Barcelona ៣-០ បន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀត។
៣ គ្រាប់ របស់ក្រុម ចចក Roma រកបានដោយ ខ្សែប្រយុទ្ធបូស្នៀ Edin Dzeko នៅនាទីទី៦, ការទាត់បាល់ ១១ម៉ែត្ររបស់កីឡាករវ័យចំណាស់អ៊ីតាលី Daniele De Rossi នៅនាទីទី៥៨ និងការតែតបញ្ចូលទីយ៉ាងស្អាតរបស់កីឡាករ Konstantinos Manolas នៅនាទីទី៨២។ តាមរយៈលទ្ធផល ៣-០ នេះដែរ បានធ្វើឲ្យក្រុម Roma ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ខណៈក្រុម Barcelona វិញ បានត្រឹមហាលអាវត្រឡប់ទៅកាន់ អេស្ប៉ាញវិញ ដោយភាពឈឺចាប់បំផុត។ យ៉ាងណាវិញ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ក្រុម Barcelona បានធ្លាក់ក្រោមថ្វីជើងក្រុមអ៊ីតាលី ក្នុងវគ្គ៨ក្រុមចុងក្រោយនេះ ទាំង២ឆ្នាំមកហើយ ពោលកាលពីឆ្នាំមុន ធ្លាក់ក្រោមថ្វីជើងក្រុមសេះបង្កង់ Juventus និងឆ្នាំនេះវិញ ក្រោមថ្វីជើងក្រុមចចក Roma ម្តង។
បើយើងក្រឡេកមើលលទ្ធផលដែល Roma បំបែកពងមាន់ក្រុម Barcelona នេះដែរ វាស្រដៀងទៅនឹងឆ្នាំមុន នាវគ្គ ១៦ក្រុមចុងក្រោយដែល Barcelona ទម្លាក់ Paris Saint Germain អ៊ីចឹងដែរ ខណៈជើងទី១ Paris Saint Germain លុត Barcelona ចាស់ដៃ ៤-០ ខណៈជើងទី២វិញ Barcelona បានវាយបកយ៉ាងចាស់ដៃវិញ ៦-១ ។
https://www.youtube.com/watch?v=NAsCGnXJ2cg
មតិយោបល់