គ្រូបង្គោលក្រុមបាល់ទាត់ក្រសួងកាពារជាតិលោក ទេព ឡុងរចនា បង្ហាញសុទិដ្ឋិនិយមថា ក្រុមខ្លួនតែមានឱកាសច្រើនដើម្បីក្រសោបពានទី២ក្នុងរដូវកាលនេះ ទោះផែនការឈ្នះគ្រប់ការប្រកួតដែលនៅសល់រលាយបាត់ ក្រោយស្មើបឹងកេត ២-២យប់មិញ។
ក្រោយចប់ការប្រកួតគ្រូបង្វឹករូបនេះបញ្ជាក់ថា ទោះបីបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ ប៉ុន្តែទ័ពនៅមានប្រៀបដោយឈ្នះបឹងកេត១-០កាលជើងទី១ ហើយប្រកួតដែលនៅសល់លោកជឿថាទ័ពនឹងមិនអាចចាញ់ឡើយ។
« បឹងកេតជាក្រុមខ្លាំង ដូច្នេះលទ្ធផលស្មើគ្នានេះមិនអាក្រក់ពេកទេ។ ពួកគេកើនតែ១ពិន្ទុ ចំណែកយើងក៏កើនដូចគ្នា អញ្ចឹងយើងមានឱកាសច្រើនទៀត ព្រោះយើងឈ្នះគេម្តងហើយ ហើយប្រកួតដែលនៅសល់ ខ្ញុំគិតថាយើងនឹងឈ្នះទាំងអស់។ ខ្ញុំមិននិយាយរឿងចាញ់ទេ ព្រោះយើងត្រូវការឈ្នះ។ បើមានឱកាស យើងនឹងប្រជែងពានឲ្យបាន។» លោក ទេព ឡុងរចនា បញ្ជាក់។
ក្រោមក្រសែភ្នែកទស្សនិកជនជិត៣០០០នាក់កាលពីម្សិលមិញ ខ្សែប្រយុទ្ធ Bata បានស៊ុតគ្រាប់បាល់នាំមុខឲ្យបឹងកេតនៅនាទី៣០ ប៉ុន្តែ៤នាទីក្រោយមកតារាល្បឿន ឈិន ឈឿនបានស៊ុតតាមស្មើ ១-១។ មុនអាជ្ញាកណ្តាលផ្លំកញ្ចែបញ្ចប់ការប្រកួត ខ្សែការពារ សុខ សុវណ្ណ បានបន្ថែម១គ្រាប់ទៀតឲ្យបឹងកេងអង្គរនាំមុខ ការពារជាតិ២-១ នៅវគ្គទីមួយ។ ឈានដល់វគ្គទីពីរ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងជើង Choe Myong Ho បានស៊ុតបាល់ Free Kick បានសម្រេច ជួយឲ្យទ័ពតាមស្មើបឹងកេតអង្គរ ២-២ នៅនាទីទី៤៩ នឹងរក្សារហូតចប់ការប្រកួត។
ក្នុងតារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី១៣នេះ បឹងកេតកំពុងឈរកំពូលតារាង មាន៣៤ពិន្ទុ ពីការប្រកួតឈ្នះ៩ ស្មើ១ ចាញ់១ ខណៈ ក្រសួងកាពារជាតិ កំពុងឈរលេខ២ មាន២៨ពិន្ទុ តាមពីក្រោយបឹងកេត៦ពិន្ទុ តែសល់មួយប្រកួតក្នុងដៃ។
មតិយោបល់