លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃ ហ៊ាននិយាយថាក្រុមរបស់ខ្លួន អាចនឹងដើរតាមគន្លងរបស់ Leicester City ក្នុងដំណើរឆ្ពោះទៅរកប្រវត្តិសាស្ត្រឈានឡើងលេងពានរង្វាន់ World Cup 2018 នៅប្រទេសរុស្ស៊ី។
ក្រោយបរាជ័យក្រោមថ្វីជើងអារ៉ាប់រួម កាលពីពេលកន្លងទៅក្នុងលទ្ធផល ១-០ ក្រុមជម្រើសជាតិថៃដែលដឹកនាំដោយលោក Kiatisuk មិនបោះបង់ចោលទេ ពោលគឺគ្រូបង្វឹករូបនេះបាននិយាយថាវាជាដំណើរល្អមួយឆ្ពោះទៅរកភាពជោគជ័យ។ គ្រូបង្វឹករហស្សនាមថា Zico រូបនេះបន្ដថាលោកសង្ឃឹមខ្ពស់ថាក្រុមនៅតំបន់អាស៊ីទាំងអស់នឹងពង្រឹងខ្លួនកាន់តែខ្លាំង ដើម្បីទៅថ្ងៃអនាគតមានសមត្ថភាពប្រជែងជាមួយក្រុមនៅតំបន់អឺរ៉ុបបាន។
បុរសវ័យ៤៣ឆ្នាំរូបនេះបន្ថែមទៀតថា ក្រុមថៃកំពុងតែយកគំរូរតាមក្រុម Leicester City ដែលចាប់ផ្ដើមពីចំណុចបាតតារាងឈានឡើងដល់គ្រងជើងឯកលីគកំពូលអង់គ្លេសកាលពីរដូវកាលមុន។ ខណៈដែលថៃក៏ដូចគ្នា ត្បិតតែវគ្គជម្រុះ World Cup នេះ ប៉ះសុទ្ធតែក្រុមខ្លាំង ប៉ុន្តែពួកគេមិនបោះបង់ចោលនោះទេ។
វគ្គជម្រុះ World Cup នៅតំបន់អាស៊ីជុំទី៣នេះ មានតែ២ពូលប៉ុណ្ណោះ គឺពូល A និងពូល B ។ ចំណែកឯក្រុមថៃនៅពូល B ជាមួយក្រុមអូស្ត្រាលី អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ជប៉ុន និងអឺរ៉ាក់។ ប្រកួតដំបូងកន្លងទៅ ថៃចាញ់ អារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ១-០ ហើយប្រកួតបន្ទាប់នៅថ្ងៃទី៦នេះ ពួកគេនឹងប៉ះជាមួយក្រុមជប៉ុនម្ដងនៅទឹកដីថៃ៕
មតិយោបល់