អ្នកចាំទីជម្រើសជាតិក្រោមអាយុ១៦ឆ្នាំរបស់កូរ៉េខាងជើង Jang Paek Ho កំពុងតែបារម្ភជាខ្លាំង ខ្លាចត្រូវមេដឹកនាំ Kim Jong Un កាត់ទោសឱ្យទៅធ្វើកម្មករសំណង់ ក្រោយពីបង្កកំហុសក្នុងការប្រកួតដែលចាញ់ក្រុមអ៊ូបេគីស្ថាន ៣-១ ក្នុងការប្រកួត AFC U-16 Championship 2016 ។
នៅចាំបានថាកាលពី World Cup 2010 ក្រុមជម្រើសជាតិកូរ៉េខាងជើងបានបរាជ័យ៣ប្រកួតជាប់គ្នា ក្នុងវគ្គសន្សំពិន្ទុតាមពូល ខណៈដែលបរាជ័យធំបំផុតនោះគឺចាញ់ក្រុមព័រទុយហ្គាល់ដោយលទ្ធផល ៧-០ ។ ក្រោយពីបរាជ័យនេះ បានធ្វើឱ្យមេដឹកនាំកូរ៉េខាងជើងចាត់ទុកថា កីឡាករនិងគ្រូបង្វឹកទាំងអស់មិនគោរពខ្លួន ដោយគ្រានោះបានបញ្ជាឱ្យគ្រូបង្វឹកឈ្មោះ Kim Jong-hun ទៅធ្វើជាកម្មករសំណង់។
យ៉ាងណាមិញ ការប្រកួត U16 កូរ៉េខាងជើងដែលចាញ់ក្រុមអ៊ូបេគីស្ថាន ៣-១ នោះក៏ធ្វើឱ្យអ្នកចាំទី Jang Paek Ho ភ័យខ្លាចផងដែរ ព្រោះរូបគេបានបង្កកំហុសមួយបណ្ដាលឱ្យបាល់ទីចូល ក្រោយពីអ្នកចាំទីរបស់អ៊ូបេគីស្ថាន ទាត់មួយជើងពីចម្ងាយ។
តែទោះជាយ៉ាងនេះក្ដី គ្រូបង្វឹកក្រុមកូរ៉េខាងជើងបានលៀងលោមដល់កូនក្រុមរបស់ខ្លួនថានឹងគ្មានអ្វីកើតឡើងទេ ព្រោះពួកគេធ្វើបានល្អហើយ ដោយអាចឡើងទៅវគ្គបន្តបាន៕
មតិយោបល់