ព័ត៌មានបច្ចេកវិទ្យា

Huawei វ៉ា Samsung យកតំណែងលេខ១ លើប្រាក់ចំណេញពី Android

បរទេស: ក្រុមហ៊ុន Huawei Technologies ឥឡូវនេះ បានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលទទួលបានប្រាក់ចំណេញខ្ពស់ជាងគេបំផុតក្នុងពិភពលោកហើយ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ពីក្រុមហ៊ុនប្រឹក្សា និងស្រាវជ្រាវផ្នែកទីផ្សារ Strategy Analytics ក្នុងរដ្ឋ Massachusetts។

លោក Neil Mawston នាយកប្រតិបត្តិក្រុមហ៊ុន Strategy Analytics បាននិយាយថា «យើងព្យាករណ៍ឃើញថា Huawei រកបានប្រាក់ចំណេញពីប្រតិបត្តិការលក់ស្មានហ្វូនទូទាំងសកលលោកចំនួន ០,២ ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ នេះ»

លោកបន្ថែមថា «ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់ចិន បានច្បាមយកចំណែក ២% នៃប្រាក់ចំណេញលើអាជីវកម្មស្មាតហ្វូនទាំងអស់ ហើយកំពុងឈរនៅលំដាប់ថ្នាក់ទីពីរលើប្រាក់ចំណេញក្នុងអាជីវកម្មស្មាតហ្វូនសរុបរួម និងកំពុងក្លាយខ្លួនជាក្រុមហ៊ុនលក់ទូរសព្ទដៃប្រភេទ Android ដែលទទួលប្រាក់ចំណេញច្រើនជាងគេបង្អស់ក្នុងលោក ជាលើកដំបូងបង្អស់របស់ខ្លួន»

huawei-logo-mwc-2015-1

គេគ្មានមន្ទិលសង្ស័យឡើយ ដែលក្រុមហ៊ុនមួយនេះ អាចដណ្តើមបានចំណាត់ថ្នាក់កំពូលដូច្នេះ ក៏ដោយសារតែការប្រមូលយកមកវិញនូវ Galaxy Note 7 ពីសំណាក់ក្រុមហ៊ុន Samsung បន្ទាប់ពីវាមានបញ្ហាផ្ទុះឆេះជាបន្តបន្ទាប់។ បើតាមរបាយការណ៍ពី Los Angeles Times វិបត្តិ Note 7 បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិជ្ជាយក្សកូរ៉េខាងត្បូង ត្រូវខាតបង់ប្រាក់អស់យ៉ាងហោចណាស់ក៏ ៥,៣ ពាន់លានដុល្លារអាមេរិកនោះដែរ៕

ប្រភពព័ត៌មាន៖ inquisitr

មតិយោបល់