ផ្តើមចេញពីគំនិតចង់អប់រំប្រជាជនខ្មែរឱ្យយល់ដឹងអំពីបញ្ហាចរាចរណ៍ និងឱ្យចេះផ្តល់តម្លៃប្រាក់រៀលខ្មែរ ក្រុមកំប្លែងក្មេងខ្មែរ ក្រោមការដឹកនាំរបស់លោក រតនៈ វិបុល បានផលិតខ្សែវីដេអូកំប្លែងខ្លីៗដែលអាចទាក់ទាញទស្សនិកជនរាប់សែននាក់ដោយប្រើប្រាស់ត្រឹមតែទូរស័ព្ទប្រភេទស្មាតហ្វូនតែមួយគ្រឿងគត់។
ក្រុមកំប្លែងក្មេងខ្មែររបស់លោក គឺប្រជុំទៅដោយតួសម្តែងក្មេងៗមានគ្នាពី ៥ ទៅ ៧ នាក់ និងមានអាយុចាប់ពី ៥ ទៅ ១៤ ឆ្នាំ ប៉ុណ្ណោះ។ ក្នុងវីដេអូកំប្លែងខ្លីនីមួយៗ ពួកគេតែងដែរតួជាមនុស្សចាស់ មនុស្សពេញវ័យ ឬជាប្តីប្រពន្ធ និងនិយាយបែបបញ្ចើចបញ្ចើ ឬធ្វើមុខមាំ ហើយជូនកាលតុបតែងមុខមាត់ប្លែកៗក្នុងលក្ខណៈជាអ្នកជនបទស្រុកស្រែចម្ការ។
លោក រតនៈ វិបុល បានថ្លែងប្រាប់ Post News ថា នៅពេលចាប់ផ្តើមថតដំបូង លោកមិនមានគោលបំណងអ្វីក្រៅពីចង់អប់រំពលរដ្ឋខ្មែរឱ្យមានការយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងចេះឱ្យតម្លៃប្រាក់រៀលខ្មែរនោះទេ។
ជាមួយទេពកោសល្យសម្តែង ក្លែមសម្តី ក្នុងន័យអប់រំប្រជាជនខ្មែរឱ្យចេះស្រឡាញ់គ្នា ចេះជួយគ្នា និងចេះសាមគ្គីគ្នាក្នុងនាមជាជាតិសាសន៍តែមួយ របស់សមាជិកក្រុមកំប្លែងក្មេងខ្មែរម្នាក់ៗ និងក្រោមការដឹកនាំសម្តែងរបស់លោក វិបុល វីដេអូទី ១ ដែលថតចេញពីទូរស័ព្ទដៃ iPhone ដាក់បង្ហោះលើបណ្តាញសង្គម Facebook បានទទួលការគាំទ្រយ៉ាងផុសផុល រហូតមានអ្នកចូលមើលដល់ទៅចំនួន ៦ សែននាក់ (600K) និងចំនួន Share (ចែកចាយ) រាប់ម៉ឺន។
លោក វិបុល បានប្រាប់ Post News ថា៖ «រាល់វីដេអូកំប្លែងខ្លីរបស់ក្រុមខ្ញុំនីមួយៗ គឺប្រើត្រឹមតែទូរស័ព្ទ iPhone 6 មួយគ្រឿងគត់»។ លោកបន្ថែមថា៖ «ខ្ញុំបានទិញកម្មវិធីកាត់តវីដេអូតាមទូរស័ព្ទឈ្មោះ Viva Pro ដើម្បីកាត់តឃ្លិបនីមួយៗបញ្ចូលគ្នាចេញជាសាច់រឿង ដោយមិនមានការប្រើឧបករណ៍ថតសំឡេង ឬម៉ាស៊ីនកុំព្យូទ័រជាជំនួយអ្វីទាំងអស់»។ តាមរយៈសន្ទុះនៃការគាំទ្រពីទស្សនិកជនទៅលើវីដេអូកំប្លែងខ្លីដំបូងរបស់លោក អ្នកដឹកនាំរឿងកំប្លែងក្មេងៗថតតាមទូរស័ព្ទដៃរូបនេះ ក៏បានខិតខំរិះរកគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីផលិតចេញជាវីដេអូបែបកំប្លុកកំប្លែងបន្ថែមជាបន្តបន្ទាប់ រហូតដល់មានក្រុមហ៊ុនលក់ផលិតផល ម្ចាស់ភោជ្ជនីយដ្ឋាន និងសណ្ឋាគារក្នុងស្រុក ទាក់ទងឱ្យជួយដាក់បញ្ចូលការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ពួកគេ។ ក្នុងនោះ គឺមានក្រុមហ៊ុនលក់ផលិតផលសាប៊ូក្លិន ជាអ្នកឧបត្ថម្ភធំ ដោយរួមបញ្ចូលទាំងការសិក្សាដល់ពួកក្មេងៗផងដែរ។
លោក វិបុល បានបង្ហើបប្រាប់ថា៖ «ដោយសារការផ្សព្វផ្សាយតាមវីដេអូក្រុមកំប្លែងក្មេងខ្មែររបស់ខ្ញុំមានប្រសិទ្ធភាពខ្ពស់ ក្រុមរបស់ខ្ញុំអាចរកចំណូលបានក្នុងមួយខែប្រមាណពី ២ ទៅជាង ៣ ពាន់ដុល្លារ»។ លោកថា វីដេអូរបស់លោកខ្លះ មានអ្នកចូលមើលដល់ទៅជាង ១ លាននាក់ ហើយសូម្បីតែវីដេអូថតដែលចំណាយពេលត្រឹមតែមួយម៉ោង ក៏មានអ្នកចូលមើលរាប់សែនដែរ។
បច្ចុប្បន្ន ក្រោមការជួយឧបត្ថម្ភពីក្រុមហ៊ុនសាប៊ូក្លិន ក្រុមរបស់លោកក៏បានចូលរួមបរិច្ចាគថវិកាមួយចំនួនដែលបានមកពីការថត ជូនដល់ប្រជាជន និងកុមារកំព្រាទុរគតនៅតាមជនបទផងដែរ។
ឆ្លើយតបនឹងសំណួររបស់ក្រុមការងារ Post News អំពីគោលបំណងអនាគត ក្នុងការដឹកនាំក្រុមកំប្លែងក្មេងខ្មែរ លោក វិបុល បានប្រាប់ថា៖ «ខ្ញុំមានគោលបំណងធំតែមួយគត់គឺ ចង់ឃើញខ្មែរចេះស្រឡាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ ហើយខ្មែរចេះសាមគ្គីគ្នា ដូចជាប្រជាជនជប៉ុន»។ លោកបន្ថែមថា នាថ្ងៃអនាគតលោកនឹងផលិតវីដេអូអប់រំដែលមានខ្លឹមសារកាន់តែល្អប្រសើរដើម្បីបំពេញគោលបំណងនេះ៕
https://youtu.be/iCpNqSCcwLY
https://youtu.be/G0W59PJuEHU
https://youtu.be/0zPjwSKzXAs
មតិយោបល់