ព័ត៌មានបច្ចេកវិទ្យា

ទីបំផុត Apple វ៉ាឈ្នះ Fitbit ក្លាយជាក្រុមហ៊ុនលក់ឧបករណ៍បំពាក់កាយដាច់បំផុតក្នុងលោក

យោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុន Strategy Analytics បានឱ្យដឹងថា ចំណែកទីផ្សារលក់ផលិតផលបច្ចេកវិទ្យាបំពាក់កាយរបស់ក្រុមហ៊ុន Apple បានហក់ដល់លេខលំដាប់កំពូលនៃតារាងក្នុងត្រីមាសទីមួយឆ្នាំ ២០១៧ នេះ និងបានដណ្តើមយកតំណែងក្រុមហ៊ុនលក់ឧបករណ៍បំពាក់កាយដាច់បំផុតក្នុងលោក​ពី​ក្រុមហ៊ុន Fitbit។

របាយការណ៍ដដែលបានរកឃើញថា ចំណែកទីផ្សាររបស់ក្រុមហ៊ុនយក្សអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សធៀបនឹងឆ្នាំមុន ពោល គឺកើនពី ១២.១% ក្នុងត្រីមាសទី១ ឆ្នាំ ២០១៦ ដល់ ១៥.៩% ក្នុងឆ្នាំ ២០១៧ នៅត្រីមាសដដែល។ យោងតាម​តួលេខនៃកំណើន ក្រុមហ៊ុនឯកទេសខាងវិភាគទីផ្សារបានប៉ាន់ប្រមាណថា Apple លក់នាឡិកាបច្ចេកវិទ្យាទំនើបរបស់ខ្លួនក្នុងអំឡុងត្រីមាសនេះ ដាច់បានចំនួន ៣.៥ លានគ្រឿង កើនពី ២.២ លានគ្រឿង ក្នុងអំឡុងពេលដដែលកាលពីឆ្នាំមុន។

ដោយឡែក ក្រុមហ៊ុន Fitbit បានធ្លាក់ពីចំណាក់ថ្នាក់លេខ១ មកលេខ៣ នៅពីក្រោយក្រុមហ៊ុន Xiaomi របស់ចិន ដោយថយការលក់ពី ៤.៥ លានគ្រឿង មកនៅត្រឹម ២.៩ លានគ្រឿង ក្នុងអំឡុងត្រីមាសដូចគ្នា ហើយបើគិតពីចំណែកទីផ្សារវិញគឺ ក្រុមហ៊ុនអាមេរិកមួយនេះ បានធ្លាក់ចុះពី ២៤.៧% មក ១៣.២%។

នាយកប្រតិបត្តិក្រុមហ៊ុន Strategy Analytics លោក Neil Mawston បាននិយាយថា ភាពជោគជ័យរបស់ក្រុមហ៊ុន Apple ពេលនេះ គឺបានមកពីការលក់នាឡិកា Apple Watch 2 Series ប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរនៅក្នុងសហ​រដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសដទៃផ្សេងទៀត ដោយ​សារ​ការរចនាម៉ូដកាន់តែទាក់ទាញរបស់វា ការធ្វើយុទ្ធនាការទីផ្សារកាន់តែផុសផុល និងការបង្កើនវត្តមានហាងចែកចាយបន្តជាដើម។

ដោយឡែក អ្នកវិភាគដទៃផ្សេងទៀតបានលើកឡើងបន្ថែមថា​ កំណើននៃតួលេខលក់របស់ Smart Watch 2 Series គឺដោយសារតែក្រុមហ៊ុន Apple បានរចនាបន្ថែមមុខងារពិសេស ផ្តោតសំខាន់ទៅលើការគាំពារសុខភាព និងកាយសម្បទារ៕

ប្រភពព័ត៌មានៈ mashable

មតិយោបល់