យោងតាមរបាយការណ៍ថ្មីមួយពីប្រទេសកូរ៉េបានឱ្យដឹងថា ក្រុមហ៊ុន LG Innotek របស់ក្រុមហ៊ុន LG នឹងចូលខ្លួនជួយក្រុមហ៊ុន Apple លើការផ្គត់ផ្គង់គ្រឿងបង្គុំចាំបាច់មួយចំនួនសម្រាប់មុខងារ Face ID ដែលត្រូវគេរំពឹងថា នឹងបំពាក់លើ iPhone រួមទាំង iPad ស៊េរីឆ្នាំ ២០១៨។
នៅក្នុងកិច្ចព្រមព្រៀងថ្មីមួយធ្វើឡើងរវាងក្រុមហ៊ុនទាំងពីរ LG Innotek នឹងទទួលរ៉ាប់រងផលិតនូវសមាធាតុផ្សំសម្រាប់មុខងារស្គេនមុខ 3D ឱ្យក្រុមហ៊ុន Apple មួយចំនួន ជាអាទិ៍ បន្ទះ Sensor ចាប់យកទម្រង់ផ្ទៃមុខ 3D។
យោងតាម The Investor ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអេឡិចត្រូនិក LG មួយនេះ នឹងបោះទុន ៨២១ លានដុល្លារ សម្រាប់កសាងទីកន្លែងបន្ថែមសម្រាប់ផលិតសមាសភាគទាំងនោះ ក្រោមការគាំទ្រហិរញ្ញវត្ថុពីក្រុមហ៊ុន Apple។
មុននេះប៉ុន្មានសប្តាហ៍ផងដែរ Apple ក៏បានចុះកិច្ចព្រមព្រៀងតម្លៃ ៣៩០ លានដុល្លារ ជាមួយក្រុមហ៊ុនផលិតសមាសភាគគមនាគមន៍អ៊ុបទិក Finisar ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ សកម្មភាពទាំងនេះ ត្រូវគេជឿថា Apple ធ្វើឡើងដើម្បីបញ្ជៀសបញ្ហាយឺតយ៉ាវក្នុងការផលិតសមាសភាគផ្សំ Face ID ដែលបានកើតឡើងនាពេលកន្លងមកចំពោះ iPhone X។
គួររំឭកថា កន្លងមកមានព័ត៌មានចចាមអារ៉ាមជាច្រើនលើកឡើងថា Apple នឹងផលិតចេញទូរសព្ទ iPhone ចំនួន ៣ ម៉ូឌែល ដែលមានរចនាបទ និងមុខងារ Face ID ដូចជា iPhone X នៅឆ្នាំ ២០១៨ នេះ។ ជាមួយគ្នានោះ iPad ម៉ូឌែលខ្ពស់ក៏ត្រូវគេរំពឹងថា នឹងបំពាក់មុខងារស្គេនផ្ទៃមុខ 3D ដូចជា iPhone អីចឹងដែរ៕
ប្រភពព័ត៌មានៈ BGR
មតិយោបល់