គណនី BBC ក្លែងក្លាយមួយនៅលើបណ្តាញសង្គមប្លុក Twitter បានធ្វើឱ្យមានការភ័យបារម្ភពេញប្រទេសអង់គ្លេស នៅយប់ថ្ងៃសុក្រម្សិលមិញនេះ ក្រោយពីគណនីនោះផ្សាយដំណឹងថា ម្ចាស់ក្សត្រី Elzabeth II បានសុគត។
ដំណឹងបោកបញ្ឆោតនេះ ត្រូវបានបង្ហោះដាក់លើគណនី Twitter មួយឈ្មោះ @BBCNewsUKI ហើយវាមានរចនារូប Profile មើលទៅដូចគ្នាទៅនឹងគណនីប៉ុស្តិ៍ទូរទស្សន៍ BBC ផ្លូវការបះបិទ ដែលធ្វើឱ្យគេពិបាកនឹងចាប់សង្ស័យ។ ទោះយ៉ាងណា បន្ទាប់ពីនោះមក ក្រុមហ៊ុនបណ្តាញសង្គមប្លុកដ៏ល្បាញល្បាញនេះ ក៏បានធ្វើការបិទផ្ទប់គណនីនោះចោលតែម្តង។
ការមន្ទិលទៅលើព្រះរាជសុខភាពរបស់ម្ចាស់ក្សត្រី ត្រូវបានផ្ទុះឡើងអំឡុងរដូវវិស្សមកាល។ ពេលដែលព្រះអង្គបានខកខានមិនបានយាងទៅចូលរួមពិធីសាសនាគ្រិស្តលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ឆ្លើយតបទៅនឹងក្តីកង្វល់នោះ មន្ត្រីព្រះបរមរាជវាំងបាននិយាយថា អវត្តមានរបស់ម្ចាស់ក្សត្រីនៅវិហារសាសនា គឺបណ្តាលមកពីបញ្ហាអាកាសធាតុចុះត្រជាក់ខ្លាំង ដែលបង្ខំឱ្យមន្រ្តីរាជវាំងមិនហ៊ានអនុញ្ញាតឱ្យព្រះអង្គយាងចេញទៅខាងក្រៅ ដូច្នេះ ពុំមានអ្វីត្រូវបារម្ភអំពីព្រះរាជសុខភាពរបស់ព្រះអង្គនោះឡើយ។
ព័ត៌មាននៃមន្ទិលនេះ គឺទំនងជាអ្វីដែលបានអនុញ្ញាតឱ្យសេចក្តីរាយការក្លែងក្លាយអាចអូសទាញឱ្យគេឯងមួយចំនួនជឿបាន។
ក្រុមគួ្រសាររបស់រាជវង្ស ក៏បានចេញមុខបដិសេធចំពោះព័ត៌មានចចាមអារ៉ាមនោះ តាមរយៈទំព័រ Twitter របស់ពួកគេផងដែរ នាវេលាព្រឹកថ្ងៃបន្ទាប់មក ហើយពួកគេបានជូនពរប្រជានុរាស្រ្តរបស់ខ្លួនឱ្យទទួលបាននូវភាពរីករាយនាឆ្នាំថ្មី។
ខណៈព័ត៌មានក្លែងក្លាយ ត្រូវបានចែកបន្តពាសពេញចក្រភពអង់គ្លេស អ្នកប្រើប្រាស់បណ្តាញ Twitter បានបង្ហាញប្រតិកម្មខុសៗគ្នា ដោយខ្លះជឿថាក្លែងក្លាយ ហើយខ្លះជឿថាពិត។
គួររំឭកថា នាប៉ុន្មានថ្ងៃមុននេះ គណនី Twitter របស់ក្រុមហ៊ុន Sony Music ត្រូវបានគេលួចយកទៅប្រើ ហើយបង្ហោះដំណឹងថា តារាចម្រៀងប៉បដ៏ល្បី Britney Spears បានស្លាប់៕
មតិយោបល់