ព័ត៌មានបច្ចេកវិទ្យា

មិនគួរសោះ! ដោយសារ Note 7 កេរ្តិ៍ឈ្មោះ Samsung នៅអាមេរិកស្រុតចុះដល់ម្លឹង

នៅក្នុងលទ្ធផលនៃការស្ទាបស្ទង់មតិមួយ ធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់ដាក់ចំណាត់ថ្នាក់ក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងជាងគេនៅក្នុងទឹកដីសហរដ្ឋអាមេរិកចំនួន ១០០ បានបង្ហាញថា ក្រុមហ៊ុន Samsung បានធ្លាក់ចំណាត់ថ្នាក់កិត្តិយសរបស់ខ្លួនមកលេខរៀងទី ៤៩ ខណៈដែល Apple ធ្លាក់មកលេខ ៥។

ការស្ទាបស្ទង់មតិនេះ គឺធ្វើឡើងនៅលើបណ្តាញអិុនធើណែត តាមរយៈគេហទំព័រ Harris Poll ពីអតិថិជនអ្នកចូលរួមចំនួន ៣០,០០០ នាក់ ហើយលទ្ធផលទទួលបានគឺ ក្រុមហ៊ុន Apple បានធ្លាក់ពីលេខ ២ (ពិន្ទុ ៨៣.០៣) ដែលទទួលបានក្នុងឆ្នាំ ២០១៥ មកលេខ ៥ ដោយទទួលបានពិន្ទុ ៨២.០៧ ក្នុងឆ្នាំ ២០១៧ នេះ។

លទ្ធផលដដែលបានបង្ហាញដែរថា ក្រុមហ៊ុន Samsung បានស្គាល់ការស្រុតចុះគំហុកបំផុតនូវចំណាក់ថ្នាក់កិត្តិនាមរបស់ខ្លួន ដោយធ្លាក់មកនៅត្រឹមលេខរៀងទី ៤៩ ខុសដាច់ពីឆ្នាំ ២០១៥ ដែលទទួលបានលេខលំដាប់ទី ៣ នៅពីក្រោយក្រុមហ៊ុន Apple និង Google។

មូលហេតុនៃការធ្លាក់ចុះនេះ គឺគេអាចដឹងបានថា ដោយសារតែបញ្ហារបស់ Note 7 ដែលនាំឱ្យក្រុមហ៊ុនបង្ខំចិត្តប្រមូលវាចូលមកវិញ បន្ទាប់ពីដាក់លក់បានតែប៉ុន្មានខែ។

ស្ថិតិរបស់ Harris វិភាគកិត្តិសព្ទរបស់ក្រុមហ៊ុននីមួយៗ ដោយផ្អែកតាមទិដ្ឋភាពខុសគ្នាមួយចំនួន ដែលត្រូវបានបែកចែកជា ៦ ផ្នែកសំខាន់ៗ រួមមាន ទំនួលខុសត្រូវសង្គម សកម្មភាពហិរិញ្ញវត្ថុ ទស្សនវិស័យ និងភាពជាអ្នកដឹកនាំ បរិយាកាសទីកន្លែងធ្វើការ ភាពទាក់ទាញអារម្មណ៍ រួមទាំងផលិតផល និងសេវាកម្ម។

ផ្នែកផលិតផល និងសេវាកម្មនេះហើយ ដែលបានទាញទម្លាក់ចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Samsung ដល់លេខរៀងទី ៤៩ ពោលគឺ ដោយសារតែបញ្ហាសុវត្ថិភាពថ្មដ៏ធ្ងន់ធ្ងររបស់ Note 7 ដែលនាំកក្រើកពេញពិភពលោក៕

ប្រភពព័ត៌មានៈ 5to9mac

មតិយោបល់