ព័ត៌មានបច្ចេកវិទ្យា

Ford ដកគម្រោងសង់រោងចក្រតម្លៃ ១.៦$ ពាន់លាន នៅម៉ិចស៊ិចកូ មកពង្រីករោងចក្រនៅអាមេរិក

ក្រុមហ៊ុន Ford Motor បានប្រកាសនៅថ្ងៃអង្គារ៍ មិ្សលមិញថា ខ្លួននឹងលុបចោលគម្រោងសាងសង់រោងចក្រផលិតរថយន្តថ្មីមួយដែលមានតម្លៃ ១.៦ ពាន់លានដុល្លារ ពីប្រទេសម៉ិចស៊ិចកូ ដើម្បីពង្រីករោងចក្រនៅសហរដ្ឋអាមេរិកវិញ។

នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Mark Fields បានថ្លែងថា ក្រុមហ៊ុននឹងចំណាយ ៧០០ លានដុល្លារ និងបន្ថែមការងារ ៧០០ កន្លែង ដើម្បីផ្លាស់ប្តូរ និងពង្រីករោងចក្រ Flat Rock របស់ខ្លួននៅ Michigan សម្រាប់ទុកផលិតរថយន្តអគ្គីសនី និងរថយន្តស្វ័យបើកបរ។
ក្នុងសន្និសិទ្ធកាសែតមួយ លោក Fields បាននិយាយថា៖ «វាមិនមែនជាកំហុសអ្វីនោះទេ ព្រោះអាមេរិកគឺជាទឹកដីកំណើតរបស់ Ford ហើយ Ford គឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក»៕

ការផ្លាស់ប្តូរនេះ ស្តែងឱ្យឃើញពីការបត់បែនយ៉ាងទាន់ហន់របស់ក្រុមហ៊ុន Ford ចំពោះមុខនយោបាយរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump។ ដែលបានការពារផលិតកម្មរបស់ខ្លួនក្នុងទឹកដីម៉ិចស៊ិចកូ ទោះបីលោក Trump បានវៃប្រហារធ្ងន់ៗចំពោះការពង្រីករោងចក្ររបស់ក្រុមហ៊ុននៅទីនោះក៏ដោយ។

ទោះយ៉ាងណា Ford នៅតែរក្សាការការពារផលិតកម្មរបស់ខ្លួននៅម៉ិចស៊ិចកូដដែល និងបានថ្លែងឱ្យដឹងថា ក្រុមហ៊ុននឹងនៅតែផ្លាស់ប្តូរផលិតកម្មរថយន្តប្រភេទកៅអីបួនជំនាន់បន្ទាប់របស់ខ្លួនទៅ Mexico ដដែល ប៉ុន្តែ មិនមែនសាងសង់រោងចក្រថ្មីនោះទេ គឺគ្រាន់តែពង្រីករោងចក្រដែលមានស្រាប់មួយនៅក្នុងទីក្រុង Hermosillo ប្រទេសម៉ិចស៊ិចកូ ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ usatoday

មតិយោបល់