
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន បានចេញមុខការពារក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនភ្លាមៗ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិកលោក Donald Trump រិះគន់ចំពោះផែនការបង្កើតរោងចក្រផលិតរថយន្ត Corolla នៅម៉ិកស៊ិចកូ ដោយភ្ជាប់មកជាមួយសារគម្រាមដាក់គំនាបពន្ធនាំចូលដ៏ខ្ពស់មួយ។
ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ពិភពលោក គ្រោងនឹងសាងសង់រោងចក្រថ្មីនៅក្នុងទីក្រុង Guanajuato ភាគកណ្តាលប្រទេសម៉ិកស៊ិចកូ សម្រាប់ផលិតរថយន្តម៉ូដែល Corolla ដែលបច្ចុប្បន្ន កំពុងផលិតនៅក្នុងរដ្ឋ Mississippi និងខេត្ត Ontario ប្រទេសកាណាដា។
កាលពីថ្ងៃព្រហស្បត្តិកន្លងទៅនេះ លោក Trump បានព្រមានចំៗនៅលើទំព័រ Twitter ផ្លូវការរបស់ខ្លួនថា៖ «ចង់សាងសង់ក្នុងរោងចក្រនៅអាមេរិក ឬចង់បង់ពន្ធព្រំដែនធ្ងន់»។
យោងតាមកាសែត Times រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Taro Aso បានតបទៅនឹងការរិះគន់ និងគម្រាមរបស់លោក Trump ថា៖ «Toyota ទទួលខុសត្រូវចំពោះការងារក្នុងទំហំដ៏ធំធេងនៅក្នុងរោងចក្ររបស់ខ្លួនក្នុងទឹកដីអាមេរិកដូចជានៅរដ្ឋ Kentucky ជាដើម ហើយខ្លួនបានផលិតចេញរថយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ និងបានផ្តល់ការងារជាច្រើនដល់ពលរដ្ឋក្នុងតំបន់»។
បន្ទាប់ពីការអធិប្បាយរបស់លោក Trump ភាគហ៊ុនរបស់ក្រុមហ៊ុន Toyota បានធ្លាក់ចុះ 3% ក្នុងផ្សារហ៊ុនតូក្យូ។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនបានឱ្យដឹងថា រោងចក្រគ្រោងនឹងបង្កើតថ្មីនៅម៉ិកស៊ិចកូដែលបានប្រកាសឡើងនៅក្នុងខែមេសាឆ្នាំ 2015 នឹងមិនបណ្តាលឱ្យបាត់បង់ការងារពលរដ្ឋរបស់អាមេរិកទេ។
ក្រុមហ៊ុននេះបានលើកឡើងថា៖ «ជាមួយទុនវិនិយោគដោយផ្ទាល់នៅសហរដ្ឋអាមេរិកជាង ២១.៩ ពាន់លានដុល្លារ រោងចក្រផលិត ១០ កន្លែង ក្រុមហ៊ុនចែកចាយចំនួន ១៥០០ និងបុគ្គលិក ១៣៦,០០០ នាក់ ក្រុមហ៊ុន Toyota ទន្ទឹងចាំកិច្ចសហការជាមួយរដ្ឋាភិបាលលោក Donald Trump ជានិច្ច ដើម្បីបម្រើនូវអត្ថប្រយោជន៍របស់អតិថិជន និងឧស្សាហកម្មរថយន្តឱ្យបានល្អបំផុត»៕
ប្រភពព័ត៌មាន៖ telegraph
មតិយោបល់