ព័ត៌មានបច្ចេកវិទ្យា

ទូរសព្ទដៃ Samsung អេក្រង់បត់ដំបូងបង្អស់របស់ពិភពលោក អាចនឹងប្រកាសចេញនៅត្រីមាសទី ៣ ឆ្នាំនេះ

ក្រុមហ៊ុន Samsung ទំនងជានឹងប្រកាសចេញស្មាតហ្វូនស៊េរីបំពាក់អេក្រង់បត់ក្នុងត្រីមាសទី ៣ ឆ្នាំនេះ យ៉ាងពិតប្រាកដ នេះបើយោងតាមការថ្លែងឲ្យដឹងពីប្រភពផ្សេងៗដែលស្និទ្ធនឹងរឿងនេះ។

ប្រភពមួយបានថ្លែងប្រាប់កាសែត Herald របស់កូរ៉េថា ក្រុមហ៊ុន Samsung នឹងផលិតចេញឧបករណ៍បំពាក់អេក្រង់អាចបត់ចុះឡើងបានជាង ១ សែនគ្រឿង នៅត្រីមាសទី ៣ ឆ្នាំ ២០១៧ នេះ ហើយអេក្រង់បត់របស់វាគឺមានពីរស្រទាប់អាចបត់ចូលផ្អិបមុខគ្នា និងបត់ចេញធ្វើជាថេប្លេតប្រវែង ១៨ សង់ទីម៉ែត្រចុះឡើងៗបាន។

គួរបញ្ជាក់ថា Samsung បានទទួលជោគជ័យរួចទៅហើយក្នុងការអភិវឌ្ឍន៍ទូរសព្ទដៃបំពាក់អេក្រង់ដែលអាចបត់ចូលផ្អិបមុខទុលគ្នាបាននោះ។ បច្ចេកវិជ្ជាអេក្រង់ប្រភេទនេះ ត្រូវបានក្រុមហ៊ុនចាប់ផ្តើមអភិវឌ្ឍនៅក្នុងអំឡុងខែសីហាឆ្នាំមុន ក្នុងគ្រានោះ ក្រុមហ៊ុនយល់ឃើញថា អ្នកប្រើប្រាស់ប្រហែលជាមិនស្រណុកចិត្តក្នុងការដែលត្រូវបត់អេក្រង់ទូរសព្ទចុះឡើងៗរាល់លើកដែលពួកគេចង់ប្រើវានោះ។

ប្រភពដដែលបន្ថែមថា៖ «ចាប់តាំងពីក្រុមហ៊ុនបានរកឃើញបច្ចេកវិជ្ជាទូរសព្ទអេក្រង់បត់ចូលរួចហើយនោះ វានឹងមិនមានបញ្ហាលំបាកអ្វីឡើយសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិជ្ជាអេក្រង់ដែលអាចបត់ចេញមកវិញនោះ»។

ទោះយ៉ាងណា ក្រុមហ៊ុនអេឡិចត្រូនិករបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ មិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយអំពី ថាតើខ្លួននឹងប្រកាសចេញទូរសព្ទអេក្រង់បត់នៅឆ្នាំនេះឬយ៉ាងណានោះទេ ដោយសារតែបញ្ហាកត្តាទីផ្សារ និងកត្តាប្រាក់ចំណេញ។ នេះបើយោងតាមប្រភពពាក់ព័ន្ធជាច្រើនបានបង្ហើបឲ្យដឹង។

យោងតាមប្រភពមួយផ្សេងទៀតដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា គូប្រជែងរបស់ Samsung ដែលជាក្រុមហ៊ុន LG នោះ ក៏នឹងផលិតចេញទូរសព្ទអេក្រង់បត់ចំនួនជាង ១ សែនគ្រឿងផងដែរ នៅត្រីមាសទី ៤ ដោយក្រុមហ៊ុន បានចាប់ផ្តើមអភិវឌ្ឍបច្ចេកវិជ្ជាអេក្រង់បត់តាំងពី ២-៣ ឆ្នាំមុនមកម្លេះ ហើយថ្មីៗនេះ ខ្លួនក៏មានបច្ចេកវិជ្ជាអេក្រង់ទំនើបជាង Samsung ថែមទៀតផង។

យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយឈ្មោះ Strategy Analytics បានធ្វើការប៉ាន់ប្រមាណនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា Samsung ប្រហែលនឹងប្រកាសចេញទូរសព្ទអេក្រង់បត់ដំបូងបង្អស់របស់ពិភពលោកក្នុងឆ្នាំនេះ ហើយក្រុមហ៊ុនក៏បានទស្សទាយផងដែរថា ទីផ្សារទូរសព្ទអេក្រង់បត់នឹងកើនពីចំនួន ២.៧ លានគ្រឿងក្នុងឆ្នាំ ២០១៧ ដល់ ១៦៣ លានគ្រឿងក្នុងឆ្នាំ ២០២២៕

ប្រភពព័ត៌មាន៖ theinvestor

មតិយោបល់