ប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ក្រុមហ៊ុន Microsoft សម្រាប់សិស្សនិស្សិតប្រើប្រាស់ គឺជា Windows 10 S នេះហើយ វាមានលក្ខណៈខុសគ្នាពី Windows 10 ធម្មតា (Home ឬ Pro) យ៉ាងពិសេសត្រង់ថា វាអាចដំណើរការបានលឿននៅលើម៉ាស៊ីនកុំព្យូទ័រដែលមានកម្រិតទាប។ ទោះយ៉ាងណា វាអនុញ្ញាតឲ្យអ្នកអាចប្រើប្រាស់ត្រឹមតែកម្មវិធីដែលមាននៅលើហាងកម្មវិធី Windows Store ប៉ុណ្ណោះ។ សម្រាប់អ្នកដែលចង់ដំឡើងកម្មវិធីស្ថិតនៅខាងក្រៅពី Windows Store នឹងត្រូវធ្វើកំណែប្រព័ន្ធប្រតិបត្តិការទៅកាន់ Windows 10 Pro វិញ។
Windows 10 S ឬ ពាក្យ S តំណាងឲ្យអក្សរ “Speed” ប្រែថា “ល្បឿន” ត្រូវបានប្រកាសចេញកាលពីថ្ងៃទី ០២ ដើមខែនេះ។ អ្នកមួយចំនួន បានចាត់ទុកវាថាជាគូប្រជែងនឹងប្រព័ន្ធ Chrome របស់ក្រុមហ៊ុន Google ដោយសារវាអនុញ្ញាតឲ្យប្រើប្រាស់កម្មវិធីដែលមានតែនៅលើ Google Play Store ដូចគ្នាដែរ។ យ៉ាងណាមិញ ប្រព័ន្ធ Windows 10 S នេះឃើញថាដកចេញមុខងារជាច្រើន ទើបបណ្តាលឲ្យវាដំណើរការបានកាន់តែរហ័ស។
អាយុកាលថាមពលថ្ម
ក្រុមហ៊ុន Microsoft បានអះអាងយ៉ាងមុតមាំថា គ្រប់ម៉ាស៊ីនកុំព្យូទ័រដែលដំណើរការដោយប្រព័ន្ធ Windows 10 S នឹងជួយឲ្យអាយុកាលថាមពលថ្មកុំព្យូទ័រ អាចប្រើប្រាស់បានកាន់តែយូរជាងមុន។
ល្បឿនដំណើរការ
Windows 10 S ប្រើថេរវេលាបើកដំណើរការម៉ាស៊ីនត្រឹមតែ ១៥ វិនាទីប៉ុណ្ណោះ ដោយសារតែប្រព័ន្ធនេះមានទំហំតិចជាង Windows 10 ជំនាន់មុនៗ ហើយថែមទាំងអាចប្រើលើកុំព្យូទ័រដែលមានសមត្ថភាពទាបបានផងដែរ។
កម្មវិធីរុករកលើបណ្តាញអ៊ិនធើណែត
Edge គឺជាកម្មវិធីរុករកដែលផ្តល់ជូននៅលើ Windows 10 S ហើយបណ្តាញរុករកដែលត្រូវដាក់ឲ្យប្រើជាប្រចាំគឺ Bing រួមទាំងមិនអាចប្តូរទៅកាន់បណ្តាញ Google ឬបណ្តាញផ្សេងពីនេះបានឡើយ។ ចំពោះកម្មវិធីរុករកផ្សេងៗដូចជា Google Chrome, Mozilla Firefox ឬ Opera មិនមែនមិនអាចដំឡើងប្រើបាននោះទេ តែត្រូវរង់ចាំរហូតដល់កម្មវិធីទាំងនោះ បង្ហាញខ្លួននៅលើ Windows Store ទើបអាចទាញយកមកប្រើបាន។
ប្រភព៖ fossbytes | theguardian
មតិយោបល់