ព័ត៌មានបច្ចេកវិទ្យា

LG នឹងប្រកាសចេញ G6 នៅថ្ងៃទី ១០ មិនា ជាមួយការបំពាក់អេក្រង់​​ប្រណិត និងប្លែកជាងគេបំផុត

កាលពីឆ្នាំមុន ក្រុមហ៊ុន LG បានប្រកាសចេញកំពូលស្មាតហ្វូន G5 របស់ខ្លួន នៅថ្ងៃទី ៣១ ខែមិនា ខណ:កំពូលទូរស័ព្ទរបស់ក្រុមហ៊ុន Samsung គឺ Galaxy S7/ S7 edge ត្រូវបានបើកបង្ហាញនៅថ្ងៃទី ១១ ខែមិនា។ ប៉ុន្តែ សម្រាប់ឆ្នាំថ្មីនេះ ប្រហែលមិនដូច្នោះទេ ព្រោះ LG មានយុទ្ធសាស្ត្រខុសពីឆ្នាំមុន។

យោងតាមរបាយការណ៍មួយចេញផ្សាយដោយកាសែត ETnews ក្រុមហ៊ុនអេឡិចត្រូនិចដ៏ល្បីល្បាញ របស់ប្រទេសកូរ៉េខាងត្បូងមួយនេះ នឹងប្រកាសចេញសមាជិកថ្មីនៃកំពូលស្មាតហ្វូនត្រកូល G ឱ្យបានមុនស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ដែលជាគូប្រជែងរបស់ខ្លួន ធ្វើការវាយលុកក្នុងទីផ្សារពិភពលោក ដោយបើតាមព័ត៌មានចចាមអារ៉ាម វានឹងចេញលក់នៅពាក់កណ្តាលខែមេសា។

របាយការណ៍ដដែលបានបន្ថែមថា LG នឹងបើកបង្ហាញ G6 នៅថ្ងៃទី ២៦ ខែកុម្ភ: នៅទីក្រុង Barcelona គឺមួយថ្ងៃមុនការចាប់ផ្តើមជាផ្លូវការណ៍នៃព្រឹត្តិការណ៍សមាជឧបករណ៍ចល័តពិភពលោក MWC ២០១៧ ហើយវានឹងចេញលក់លើទីផ្សារមួយសប្តាហ៍បន្ទាប់ ពោលគឺ នៅថ្ងៃទី ១០ មិនាតែម្តង។

ក្រុមហ៊ុនផ្នែកបច្ចេកវិជ្ជាអេក្រង់របស់ក្រុមហ៊ុន LG បានបើកបង្ហាញនូវបន្ទះអេក្រង់ LCD ទំហំ ៥.៧ អីុញថ្មីមួយដែលប្រើមាត្រដ្ឋានអេក្រង់ (ratio aspect) ប្លែកមិនធ្លាប់មាន គឺ 18:9 (បណ្តោយ ១៨, ទទឹង ៩) ហើយវាត្រូវបានគេរំពឹងថា នឹងយកទៅបំពាក់លើទូរស័ព្ទត្រកូល G ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុន។

អេក្រង់ដែលមានខ្នាតរង្វាស់ថ្មីនេះ ត្រូវបានក្រុមហ៊ុនអះអាងថា វាសាកសមឥតខ្ចោះសម្រាប់ការប្រើប្រាស់ផ្ទាំងពហុកម្មវិធី ព្រោះវាមានបណ្តោយវែងជាងបណ្តាអេក្រង់ស្មាតហ្វូនបច្ចុប្បន្នបន្តិច។ ពិសេសជាង វាប្រើខ្នាតបញ្ចាំងរូបភាព ១៤៤០x២៨៨០ ភិចសែល ជាមួយកម្រិតភាពច្បាស់ ៥៦៤ ភិចសែល/អីុញ ហើយលក្ខណ:សម្បត្តិនៃអេក្រង់ស្មាតហ្វូនដ៏ប្រណិតបំផុតនេះ ត្រូវបានក្រុមហ៊ុនហៅថា QHD+៕

អត្ថបទពាក់ព័ន្ធ:LG គ្រោងនឹងចេញ G6 ឱ្យបានមុន Galaxy S8 របស់ Samsung

ប្រភពព័ត៌មាន៖ androidpolice, androidauthority

មតិយោបល់