ខណៈមហាជនភាគច្រើនគិតថា Samsung នឹងពាំនាំបច្ចេកវិទ្យាស្កេនក្រយៅដៃក្រោមស្រទាប់អេក្រង់មុនដំបូងគេនោះ អ្នកចែកចាយអត្ថបទឱ្យ Forbes លោក Patrick Moorhead ដែលបានចំណាយពេលខ្លះនៅជាមួយក្រុមការងារផលិតកម្មទូរសព្ទ Vivo បានឱ្យថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ នឹងចេញស្មាតហ្វូនបំពាក់បន្ទះស្កេនដែលពិភពលោកកំពុងរង់ចាំមុនដំបូងគេជាក់ជាមិនខាន។
ការអះអាងថ្មីនេះដែរ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Synaptics ប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតចេញបន្ទះស្កេនក្រយៅដៃ Clear ID សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូលមួយ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង ៥ ដែលរួមមាន Apple, Samsung, Huawei, Oppo/Vivo និង Xiaomi។
នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសចិន និងទីផ្សារស្មាតហ្វូនអាស៊ី ដោយ Vivo គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុនក៏ជាផ្នែកមួយនៃក្រុមហ៊ុនយអេឡិចត្រូនិកយក្ស BBK ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Oppo និង OnePlus ផងដែរ៕
មតិយោបល់