ព័ត៌មានបច្ចេកវិទ្យា

របៀបទាញទិន្នន័យលើ iPhone ទៅរក្សាទុក និងទាញយកមកប្រើវិញ ដោយមិនចាំបាច់ប្រើកុំព្យូទ័រ

ការទាញទិន្នន័យដូចជា លេខទូរស័ព្ទ កំណត់ចំណាំ រូបថត ឬវីដេអូ លើ iPhone ឬ iPad ទៅរក្សាទុកក្នុងទីសុវត្ថិភាពមួយ គឺជាមធ្យោបាយដ៏ចាំបាច់មួយ ក្នុងការបង្ការពេលទូរសព្ទជាទីស្រឡាញ់របស់ខ្លួនជួបបញ្ហាជាប់គាំង ឬដំណើរការមិនប្រក្រតី ដែលទាមទារការឈូស​សម្អាតកម្មវិធីចាស់ៗចោល ឬនាំឱ្យបាត់បង់គ្រប់យ៉ាងក្នុងទូរស័ព្ទ។ ម្យ៉ាងទៀត វាក៏ជួយឱ្យលោកអ្នកអាចទាញទិន្នន័យទាំងនោះត្រឡប់មកប្រើវិញបានផងដែរ នៅពេលប្តូរទូរសព្ទពីចាស់ទៅថ្មី។

ដោយមើលឃើញពីសារប្រយោជន៍ទាំងនេះ Post Tech សូមលើកយកវិធីអនុវត្តរបស់វាលើ iPhone តាម ៣ ជំហានធំៗ ដោយមិនចាំបាច់ត្រូវការកុំព្យូទ័រជាជំនួយ ជូនលោកអ្នកបានជ្រាបដូចខាងក្រោម៖

– ទាញទិន្នន័យទៅរក្សាទុកលើ iCloud

ក- បើកកម្មវិធី Settings លើ iPhone របស់លោកអ្នក

ខ- ជ្រើសរើសយក iCloud

គ- ចុចលើ Backup

ឃ- ចុចបើកមុខងារ iCloud Backup ដោយរុញកុងតាក់បិទ/បើកទៅខាងស្តាំ

ង- សូមចុចលើប៊ូតុង OK។

បញ្ជាក់: បន្ទាប់ពីជ្រើសរើស iCloud Backup រួច ទិន្នន័យលើ iPhone របស់លោកអ្នកនឹងលែងទាញទៅផ្ទុកលើកុំព្យូទ័រដោយស្វ័យប្រវត្តិទៀតហើយ។ ប៉ុន្តែ វានឹងទាញទៅរក្សាទុកក្នុងគណនី iCloud របស់លោកអ្នកវិញ ក្នុងរយ:ពេល ២៤ ម៉ោងម្តង នៅពេល iPhone ភ្ជាប់អិុនធើណែតតាមប្រព័ន្ធ Wi-Fi និងដាក់សាកថ្មចោល។

ប្រសិនលោកអ្នកមិនទាន់មានគណនី iCloud អាចចូលមើលពីរបៀបបង្កើតវាបានតាមតំណភ្ជាប់នេះ : របៀបបង្កើត Apple ID ឬគណនី iCloud ថ្មីនៅលើទូរស័ព្ទ iPhone ឬ iPad

– ឈូសសម្អាតទិន្នន័យលើទូរសព្ទចោល

ក- បើកម្មវិធី Settings លើ iPhone របស់លោកអ្នក

ខ- ជ្រើសរើសយក General -> Reset

គ- ចុចលើ Erase All Content and Settings

ឃ- បញ្ចូលលេខកូដសម្ងាត់ដែលលោកអ្នកបានដាក់លើទូរស័ព្ទ ភ្លាមៗនោះ ប្រព័ន្ធកម្មវិធីនឹងចាប់ផ្តើមឈូសសម្អាតទិន្នន័យលើទូរស័ព្ទរបស់លោកអ្នកតែម្តង។

– ទាញទិន្នន័យលើទូរសព្ទយកមកប្រើវិញ

            បញ្ជាក់: បន្ទាប់ពីលោកអ្នកឈូសសម្អាតទិន្នន័យលើទូរសព្ទចោលរួចហើយ វានឹងលោតចេញផ្ទាំង Hello ដូចជាពេលវាទើបបើកចេញពីប្រអប់ថ្មីអីចឹងដែរ។

ក- សូមចុចលើប៊ូតុង Home

ខ- ជ្រើសរើសភាសា (Language) និងប្រទេស (Country)

គ- វាយបញ្ចូលលេខកូដ Wi-Fi ប្រសិនបើមាន (លោកអ្នកអាចចុចរំលងបាន)

ឃ- ចុចបើក ឬបិទ Location Service

ង- ដំឡើង Touch ID (ស្គេនក្រយៅដៃ)

ច- ពេលផ្ទាំង Apps and Data បង្ហាញឡើង ចុចលើប៊ូតុង Restore from iCloud Backup

ឆ- បញ្ចូលឈ្មោះ និងលេខកូដគណនី Apple របស់លោកអ្នក

ជ- ចុចយល់ព្រមលើ Terms and Conditions

ឈ- ជ្រើសរើសឯកសារទិន្នន័យដែលលោកអ្នកទាញយកទៅរក្សាទុកចុងក្រោយបង្អស់។

បញ្ជាក់: ប្រសិនបើអ្នកកំពុងព្យាយាមដោះស្រាយបញ្ហាមិនប្រក្រតីផ្សេងៗលើទូរស័ព្ទ សូមជ្រើសរើសឯកសារទិន្នន័យចាស់ៗក្នុងអំឡុងពេលទូរសព្ទកំពុងដំណើរការប្រក្រតី៕

 

 

មតិយោបល់