ព័ត៌មានបច្ចេកវិទ្យា

ឆេះរោងចក្រផលិតថ្មទូរសព្ទ Samsung Galaxy S8 នៅចិន ដោយសារថ្មខូចចោល

អគ្គីភ័យទ្រង់ទ្រាយតូចមួយបានកើតឡើងនៅរោងចក្រផលិតថ្មទូរសព្ទ Samsung មួយកន្លែងនៅក្នុងប្រទេសចិន នៅថ្ងៃពុធម្សិលមិញ ដែលបង្កឡើងដោយកាកសំណល់ក្នុងរោងចក្រ រួមទាំងថ្មខូចៗ។ នេះបើតាមក្រុមហ៊ុនអេឡិចត្រូនិចរបស់កូរ៉េ និងភ្នាក់ងារផ្តល់សេវាកម្មសង្គ្រោះបន្ទាន់ក្នុងតំបន់ថ្លែងឱ្យដឹង។

បើតាមការឱ្យដឹងបន្ថែមពីអ្នកនាំពាក្យរបស់ក្រុមហ៊ុន ឧប្បត្តិវហេតុដែលនាំឱ្យកើតមានអគ្គីភ័យនេះ កើតឡើងក្នុងរោងចក្រ Samsung SDI Co Ltd. នៅភាគខាងជើងទីក្រុង Tianjin របស់ប្រទេសចិន ហើយវាមិនបានបង្កការខូចខាត ឬប៉ះពាល់ដល់ដំណើរការរបស់រោងចក្រអ្វីធំដុំឡើយ។

យោងតាមអ្នកនាំពាក្យរបស់រោងចក្រ លោក Shin Yong-doo ការឆាបឆេះនេះ គឺមិនមែនកើតចេញពីខ្សែចង្វាក់ផលិតកម្មថ្មនោះទេ តែវាកើតចេញពីសំណល់ថ្មខូចៗ ដែលត្រូវបានគេបោះចោលទៅជាមួយសម្រាមក្នុងរោងចក្រ។ លោកបានបន្ថែមថា រោងចក្របានដំណើរការប្រក្រតីស្ទើរតែទាំងស្រុងវិញហើយ។

មន្រ្តីនាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំតំបន់មួយរូបឈ្មោះ Wuging បានឱ្យដឹងតាមទំព័របណ្តាញសង្គម Weibo របស់លោកថា មូលហេតុនៃអគ្គីភ័យ ត្រូវគេរកឃើញថា បានបង្កឡើងដោយថ្មលីចូមក្នុងរោងចក្រ ហើយក្នុងនោះ មានមួយចំនួនជាថ្មដែលផលិតបានពាក់កណ្តាល។ លោកបន្ថែមថា លោកបានបញ្ចូនបុគ្គលិកពន្លត់អគ្គីភ័យ ១១០ នាក់ និងរថយន្តពន្លត់ចំនួន ១៩ គ្រឿង ដើម្បីធ្វើការពន្លត់វា។

គួរបញ្ជាក់ថា Samsung SDI Co Ltd. គឺជារោងចក្រដែលទទួលផ្គត់ផ្គង់ថ្មសម្រាប់ទូរសព្ទ Samsung Galaxy S8 ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៧ ហើយរោងចក្រមួយនេះដែរ ក៏ឋិតក្នុងចំណោមរោងចក្រពីររបស់ចិន ដែលបានទទួលផលិតថ្ម Note 7 និងដែលត្រូវបានក្រុមហ៊ុន Samsung ស្តីបន្ទោសចំពោះផលិតកម្មថ្មរបស់ពួកគេ ដែលនាំឱ្យខ្លួនខាតបង់ប្រាក់ចំណេញលើប្រតិបត្តិការ ៥.៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៦៕

ប្រភពព័ត៌មាន: reuters

មតិយោបល់