ព័ត៌មានបច្ចេកវិទ្យា

Huawei លក់កើន ៣០% ក្នុងឆ្នាំ ២០១៦ តែប្រាក់ចំណេញថយ

យោងតាមរបាយការណ៍ពី The Information ប្រាក់ចំណេញរបស់ក្រុមហ៊ុន Huawei ប្រចាំឆ្នាំ​ ២០១៦ សម្រាប់អាជីវកម្មស្មាតហ្វូនបានថយចុះចំនួន ១០% ធៀបទៅនឹងឆ្នាំ ២០១៥ បើទោះជាការលក់របស់ផលិតផលស្មាតហ្វូនរបស់ខ្លួនបានរក្សាកើន ៣០% ពីមួយឆ្នាំទៅមួយឆ្នាំក៏ដោយ។

ការថយចុះនេះ ត្រូវគេរាយការណ៍មកថា ដោយសារតែក្រុមហ៊ុនបានចំណាយថ្លៃដើមកាន់តែខ្ពស់សម្រាប់មុខងារ និងបច្ចេកវិទ្យាបន្ថែមថ្មីៗទៅលើស្មាតហ្វូនស៊េរីក្រោយៗ ដើម្បីបង្កើនការប្រកួតប្រជែងទីផ្សារ និងដើម្បីឈានទៅដល់ការសម្រេចគោលដៅឆ្នាំ ២០២១ របស់ខ្លួន ថានឹងវ៉ាក្រុមហ៊ុន Samsung និង Apple យកតំណែងជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់លេខ ២ និងលេខ១ ឱ្យបាន។

នៅក្នុងរបាយការណ៍ដដែល ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់លេខ៣ របស់ពិភពលោកនេះ នៅក្នុងឆ្នាំ ២០១៦ ទទួលបានប្រាក់ចំណេញត្រឹមតែ ២ ពាន់លានដុល្លារ ប៉ុណ្ណោះ ពោលគឺ បានថយចុះ ១០% ធៀបទៅនឹងឆ្នាំ ២០១៥ ដែលទទួលបាន ២.២ ពាន់លានដុល្លារ។ តួលេខនេះ គឺទាបជាងការរំពឹងទុករបស់ក្រុមហ៊ុនដែលថានឹងទទួលបានប្រាក់ចំណេញកើនដល់ ២.៥ ពាន់លានដុល្លារ៕

ប្រភពព័ត៌មាន Androidauthority

មតិយោបល់